ព័ត៌មានជាតិ

មន្ដ្រីក្រសួងសង្គមកិច្ច៖ គ្រឿងស្រវឹង ឬគ្រឿងញៀន ជាបញ្ហាដ៏ធំរបស់កុមារ-យុវជន បើសិនពួកគេបានប្រើប្រាស់

ភ្នំពេញ៖ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្លែងឲ្យដឹងថា គ្រឿងស្រវឹង ឬគ្រឿងញៀន គឺជាបញ្ហាដ៏ធំរបស់កុមារ និងយុវជន បើសិនពួកគាត់បានប្រើប្រាស់ នឹងមានផលប៉ះពាល់ជាច្រើន។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី ផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ខៀវ បូរី បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ការអនុវត្តសិទ្ធិកុមារនៅកម្ពុជា មានការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញវិធានការ ជាបន្តបន្ទាប់នូវច្បាប់ គោលនយោបាយ យុទ្ធសាស្រ្ត ផែនការអភិវឌ្ឍ និងយន្តការជាតិ ក្រោមជាតិជាច្រើន សំដៅពង្រឹងកិច្ចការពារកុមារ ពីភាពងាយរងគ្រោះ និងរងគ្រោះទាំងឡាយឲ្យកាន់តែល្អប្រសើរ។

លោកស្រីបន្ថែមថា ទន្ទឹមនឹងភាពរីកចម្រើនក្នុងការលើកកម្ពស់ និងការការពារសិទ្ធិកុមារ ក៏កុមារកម្ពុជាមួយចំនួន នៅតែជួបបញ្ហាប្រឈមនៅឡើយ ដូចជា៖ កុមារបោះបង់ការសិក្សា កុមារបម្លាស់ទី អំពើហិង្សាលើកុមារ កុមារប្រើប្រាស់សារធាតុញៀន កុមារកង្វះអាហារូបត្ថម្ភ កុមារតាមម្តាយក្នុងពន្ធនាគារ ការរំលោភបំពាន និងកេងប្រវ័ញ្ចគ្រប់ទម្រង់លើកុមារ ជាពិសេសកុមារដែលរង ផលប៉ះពាល់នៃគ្រឿងស្រវឹង ជាដើម តម្រូវឱ្យក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍ ឪពុកម្តាយ និងអង្គភាពពាក់ព័ន្ធ រួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចំគោលដៅ។

លោកស្រីរដ្ឋលេខាធិការបញ្ជាក់ថា «យើងដឹងហើយថា គ្រឿងស្រវឹង ឬគ្រឿងញៀន គឺជាបញ្ហាដ៏ធំរបស់កុមារ និងយុវជន ហើយប្រសិនបើពួកគាត់បានប្រើប្រាស់ នឹងមានផលប៉ះពាល់ជាច្រើន ដូចជា៖ សុខភាពផ្លូវកាយ ផ្លូវចិត្ត ខ្សោយប្រាជ្ញា ស្មារតី វង្វេងវង្វាន់ អាចបង្កទៅជាវិកលចរិក គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សានិងចលាចលក្នុងគ្រួសារ សង្គម និងខ្ជះខ្ជាយថវិកាយ៉ាងច្រើនជាដើម»។

លោកស្រីបន្ដថា ដើម្បីបង្ការ និងការពារដល់កុមាររង ផលប៉ះពាល់ពីគ្រឿងស្រវឹង ក្រសួងចំនួន៣ រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បាននិងកំពុងពិភាក្សាអំពីការកំណត់ អាយុអប្បបរមាសម្រាប់ការប្រើប្រាស់ គ្រឿងស្រវឹងដែលមិនទាន់គ្រប់អាយុ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិត ផលគ្រឿងស្រវឹង។

សូមរំលឹកថា សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី ផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ នាពេល ត្រូវបានរៀបឡើងដោយ អង្គការចលនាដើម្បីសុខភាពកម្ពុជា សហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណង ដូចជា៖ ផ្សព្វផ្សាយពីផលប៉ះពាល់នៃ ការប្រើប្រាស់គ្រឿងស្រវឹងទៅលើកុមារ, ស្វែងយល់អំពីក្របខ័ណ្ឌគតិយុត្តជាតិ និងអន្ដរជាតិ ពាក់ព័ន្ធទៅនឹងគ្រឿងស្រវឹង, គាំទ្រវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃគ្រឿងស្រវឹងទៅលើកុមារ៕

To Top