ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទេសចរ កំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា «ថ្ងៃទី១១កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក»។
សម្ដេចតេជោ បន្ដថា នេះជាពេលវេលាមួយ ដែលប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ សម្ដេច ថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ»៕