ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាលោក ឃួង ស្រេង បញ្ចេញរថយន្តដឹកពលរដ្ឋ ទៅស្រុកកំណើតថ្ងៃភ្ជុំ ជៀសវាងរថយន្តឈ្នួលតម្លើងថ្លៃ (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តដើម្បីដឹកជញ្ជូនកម្មករ និងប្រជាពលរដ្ឋទៅស្រុកកំណើត នាថ្ងៃបុណ្យភ្ជុំធំ ។ ការអំពាវនាវរបស់ សម្តេចនាយករដ្ឋមន្រ្តីនេះ ក៏ដើម្បីបញ្ចៀសម្ចាស់រថយន្តឈ្នួល ឬតាក់ស៊ីតម្លើងថ្លៃស្រេចតែចិត្ត។

ជាមួយគ្នានេះដែរ សម្តេចក៏បានអំពាវនាវដល់ ម្ចាស់រថយន្តដឹកអ្នកទាំងអស់ កុំតម្លើងថ្លៃនៅរដូវបុណ្យភ្ជុំបិណ្ឌ ដើម្បីទុកលទ្ធភាពឲ្យ ប្រជាពលរដ្ឋទៅធ្វើបុណ្យទាន ។

យោងតាមសារជាសំឡេង របស់សម្តេចតេជោ នៅថ្ងៃ១២ កញ្ញា បានបញ្ជាក់ថា សាលាក្រុងភ្នំពេញត្រូវ បញ្ចេញរថយន្តដឹកពលរដ្ឋ ទៅតាមបណ្តាលខេត្តដូច ដែលធ្លាប់ធ្វើនៅមុនជំងឺកូវីដ១៩មកដល់ ដើម្បីកាត់បន្ថយការតម្លើងថ្លៃ របស់រថយន្តឈ្នួលទាំងឡាយ ។

សម្តេចគូសបញ្ជាក់ថា «សាលារាជធានីភ្នំពេញ មានលទ្ធភាពធ្វើបញ្ហាទាំងនោះ ដើម្បីជួយដល់កម្មករ កម្មការិនី ជួយប្រជាពលរដ្ឋដែលចង់ ធ្វើដំណើរទៅតាមមូលដ្ឋាននានា ដើម្បីឲ្យពួកគាត់មានលទ្ធភាពធ្វើដំណើរ និងជៀសវាងការតម្លើងថ្លៃ របស់ម្ចាស់រថយន្តឈ្នួល ឬតាក់ស៊ី»។

សម្តេចបន្តថា «ក្នុងឱកាសភ្ជុំបិណ្ឌនេះ ខ្ញុំអំពាវនាវដល់ម្ចាស់រថយន្តទាំងឡាយ សូមកុំឲ្យតម្លើងថ្លៃនៅក្នុងរយៈពេល នៃការធ្វើបុណ្យដើម្បីប្រជាជន មានលទ្ធភាពក្នុងការធ្វើដំណើរ សូមឲ្យសាលារាជធានីភ្នំពេញពិនិត្យលទ្ធភាព ក្នុងការបញ្ចេញរថយន្តដឹកជញ្ជូន ពលរដ្ឋនៅថ្ងៃភ្ជុំបិណ្ឌមិនគិតថ្លៃ»។

ក្នុងសារនោះដែរ សម្តេចតេជោក៏បានអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ ឲ្យបានល្អបំផុត ជូនប្រជាពលរដ្ឋទៅធ្វើបុណ្យទាន នៅតាមទីអារាមនានាក៏ដូចជា ទៅកន្លែងកម្សាន្តនានា ៕

To Top