ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២ នេះបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាបច្ចេកទេស ស្តីពីយន្តការនៃការជំរុញសហគ្រាស ឲ្យចូលក្នុងប្រព័ន្ធ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
សិក្ខាសាលាខាងលើ ធ្វើឡើងក្នុងគោលបំណង (១) ផ្តល់ព័ត៌មាន និងប្រឹក្សាយោបល់អំពីលទ្ធផល នៃការសិក្សាស្រាវជ្រាវពាក់ព័ន្ធបញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការវិភាគលើកម្លាំងពលកម្ម ព្រមទាំងការពង្រីករបបសន្តិសុខសង្គម ដល់សហគ្រាសខ្នាតតូច និងមធ្យម និង(២) ពង្រឹងការកសាងសមត្ថភាព ក្នុងការពង្រីករបបសន្តិសុខសង្គម សម្រាប់ផែនការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីចូលរួមក្នុងដំណើរការ បង្កើតគោលនយោបាយ និងការអនុវត្តកម្មវិធី។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពខាងលើ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងដោយក្តីជឿជាក់ថា៖ តាមរយៈសិក្ខាសាលាដ៏សំខាន់មួយនេះ លោក លោកស្រី ទាំងអស់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅអនុវត្ត លើកិច្ចការងាររបស់ខ្លួនប្រចាំថ្ងៃ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
លោកប្រតិភូរាជរដ្ឋាភិបាល បានផ្តាំផ្ញើរទៅកាន់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ និងសួរឲ្យបានច្រើន ដើម្បីទទួលបាននូវភាពច្បាស់លាស់ ទៅលើចំណុចគន្លឹះសំខាន់ៗ ដែលគ្រូឧទ្ទេសបានបង្ហាត់បង្ហាញ នៅក្នុងសិក្ខាសាលាដ៏សំខាន់មួយនេះ។
ជាមួយគ្នានេះ លោកប្រតិភូរាជរដ្ឋាភិបាល បានសម្តែងនូវការអរគុណ ចំពោះអង្គការដៃគូអភិវឌ្ឍ ពិសេសអង្គការអន្តរជាតិខាងការងារ (ILO) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងជំនាញការទាំងអស់ ដែលបានសហការរៀបចំសិក្ខាសាលា ដ៏មានសារសំខាន់មួយនេះឡើង។
សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការសហការរៀបចំឡើង ដោយអង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្រោមវត្តមានចូលរួម ពីថ្នាក់ដឹកនាំ ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានអធិការកិច្ចការងារ នៃអគ្គនាយកដ្ឋានការងារ សរុបប្រមាណជា ៣០រូប៕