ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធករណីបុគ្គល សាំង សារ៉ុម ស្នើសុំអន្តរាគមន៍ជួយពន្លឿន ការដោះស្រាយទំនាស់ដីធ្លី ជាមួយ ប្រធានមន្ទីរសាធារណការ

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល បានចេញរបាយការណ៍បំភ្លឺ ពាក់ព័ន្ធ ករណីបុគ្គល សាំង សារ៉ុម ដែលបានស្នើសុំអន្តរាគមន៍ ទៅកាន់ផេកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យជួយពន្លឿនការដោះស្រាយទំនាស់ដីធ្លី ជាមួយ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ។

យោងតាមលិខិត លេខ២១៨រ.ប.ក រដ្ឋបាលខេត្តកណ្ដាល សូមគោរពជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាប ដ៏ខ្ពង់ខ្ពស់ថា ចំពោះ “ករណីឈ្មោះ សាំង សារ៉ុម ស្នើសុំអន្តរាគមន៍ជួយពន្លឿនការដោះស្រាយទំនាស់ដីធ្លី ជាមួយ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ដែលបានរំលោភបំពានយកដីរបស់គាត់ ដោយដាក់លូធំៗ លើដីឡូតិ៍ដែលមានទំហំ ២០ម៉ែត្រX២០ម៉ែត្រ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ” នោះ រដ្ឋបាលខេត្ត សូមធ្វើការបំភ្លឺ ដូចខាងក្រោម៖

-ដីដែលឈ្មោះ សាំង សារ៉ុម អះអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួននោះ គឺស្ថិតនៅលើទីតាំងទំនប់ប្រឡាយ៦៥ (ព្រែកដើមឈូស) ចំពីមុខទ្វារទឹក ជាដីសាធារណៈរបស់រដ្ឋ ដែលបម្រុងទុកធ្វើផ្លូវ ស្ពាន និងសាងសង់ស្ថានីយបូមទឹក ដើម្បីត្រៀមរំដោះទឹកជំនន់ ចេញពីស្ទឹងព្រែកត្នោត និងព្រែកហូរ ដែលអាចជន់លិច នៅក្នុងសង្កាត់ព្រែកហូរ តំបន់ផ្លូវជាតិលេ២ និងផ្លូវតភ្ជាប់ពីផ្លូវ ជាតិលេខ២ ចូលអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ។

– ក្នុងកំណត់ហេតុ ចុះទី២៧ ខែថុនា ឆ្នាំ២០១៩ របស់ក្រុមការងារគណៈកម្មការអន្តរក្រសួង សហការជាមួយក្រុមការងារ អនុគណៈកម្មការខេត្តកណ្តាល ដែលបានចុះពិនិត្យផលប៉ះពាល ជាក់ស្ដែង ដីធ្លី ដំណាំហូបផ្លែ និងទ្រព្យសម្បត្តិផ្សេងទៀត នៃកម្រោងស្តារប្រឡាយទឹកស្អុយ ចំនួន៤ខ្សែ និងគម្រោងសាងសង់ស្ពានបេតុង ព្រែកដើមលាប ស្ថិតនៅភូមិសាស្ត្រ ភូមិព្រែកហូរកើតៗ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលក្នុងកំណត់ហេតុនោះ បានបញ្ជាក់ថា ” ប៉ុន្តែម្ចាស់កម្មសិទ្ធ សុំរស់នៅទីតាំងចាស់ មូលហេតុគាត់នៅសល់ដីអាចរស់នៅបាន ក្រៅពីតម្រូវការអ្នកបច្ចេកទេស ក្នុងចន្លោះ៣០ម៉ែត្រ ហើយម្យ៉ាងទៀត គាត់នឹងសន្យាតាម ច្បាប់កំណត់ គឺគាត់អាចរស់នៅ បានបណ្តោះអាសន្ន បានលុះត្រាណាតែ ក្រុមអ្នកបច្ចេកទេស ធ្វើការសាងសង់រួចហើយ ក្នុងតម្រូវការក្នុងគម្រោងបច្ចុប្បន្ន ហើយប្រសិនថ្ងៃណាមួយ មានគម្រោងផ្សេងទៀត ក្រៅពីគម្រោងបច្ចុប្បន្ន ប៉ះពាល់នៅលើដីនៅសល់របស់ខ្ញុំកំពុងរស់នៅ ខ្ញុំនឹងទទួលខុសត្រូវតាមច្បាប់កំណត់ ហើយមិនទាមទារ ដីដែលរដ្ឋឧបត្ថម្ភក្នុងកម្រោងនេះដែរ” ។

ទន្ទឹមនេះ តាមរយៈ ប័ណ្ណប្រគល់-ទទួលប្រាក់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឈ្មោះ សាំង សារ៉ុម បានទទួលប្រាក់ឧបត្ថម្ភផលប៉ះពាល់ សម្រាប់ការរុះរើ និងតាំងទីលំនៅឡើងវិញ ចំនួន ៣.១៨៧.៧៥ ដុល្លារអាមេរិករួចហើយ។

-ការសាងសង់ស្ថានីយ៍បូមទឹក ព្រែកដើមសាប ដែលអនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២ នេះ ស្របតាមលិខិតលេខ ៤៥៣ សជណ.ដប ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

– ដីឈ្មោះ សាំង សារ៉ុម (ចំណុចនិយាមកា X=493790.83, Y=1265298.59) ស្ថិតក្នុងចំណោម ដីប្រជាពលដ្ឋផ្សេងទៀត សរុបចំនួន១៩០ខ្នងផ្ទះ ជាសំណង់មិនរៀបរយ ដោយបានសាងសង់ រំលោភលើទំនប់ប្រឡាយ៦៥ ដែរជាប្រឡាយសាធារណៈ របស់រដ្ឋ។

សេចក្តីសន្និដ្ឋាន

ជារួម ឈ្មោះ សាំង សារ៉ុម រស់នៅលើដីប្រឡាយសាធារណៈរបស់រដ្ឋ បានទទួលសំណងប្រាក់ឧបត្ថម្ភ ផលប៉ះពាល់សម្រាប់ការរុះរើ និងតាំងទីលំនៅឡើងវិញរួចហើយ ហើយគាត់បានស្នើសុំរស់នៅបន្តទៀត ដោយ សន្យាថានឹងមិនទាមទារដី ក្នុងករណីរដ្ឋ មានតម្រូវការគម្រោងផ្សេងទៀត។ ការសាងសង់ស្ថានីយ៍បូមទឹក ព្រែកដើមលាប ជាតម្រូវការចាំបាច់របស់រដ្ឋ ស្របតាមលិខិតលេខ ៤៥៣ សជណ.ដប ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី៕

To Top