ភ្នំពេញ :កងទ័ពកម្ពុជា វៀតណាម ឡាវ បាននិងកំពុងធ្វើលំហាត់ សង្គ្រោះគ្រោះមហន្តរាយ បណ្តាលមកពីគ្រោះធម្មជាតិ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។
តាមរយៈ គេហទំព័រ ហ្វេសប៊ុក របស់នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឱ្យដឹងថា កម្លាំងចូលរួម ក្នុងលំហាត់សង្គ្រោះគ្រោះ មហន្តរាយនេះ មានប្រមាណជា ៥០០នាក់ ក្នុងនោះ ប្រទេសឡាវ ដែលជាម្ចាស់ផ្ទះ មានកងទ័ពចូលរួមជាង ៣០០នាក់, វៀតណាម មានជាង ១០០នាក់ និងកម្ពុជា មានជិត ១០០នាក់ ។
លំហាត់នេះ ធ្វើឡើងក្រោមប្រធានបទ៖ សង្គ្រោះគ្រោះមហន្តរាយបណ្តាល មកពីខ្យល់ព្យុះ ទឹកជំនន់ ដែលកងទ័ពកម្ពុជា ទទួលភារកិច្ចលើការជួយសង្គ្រោះ មនុស្សលង់ទឹក រុករកមនុស្សកប់ក្នុងអគារ រលំដោយខ្យល់ព្យុះ រុករកមនុស្សដោយការលង់ទឹក និងការសង្គ្រោះចេញ ពីការបាក់ដីជាដើម។
ការធ្វើលំហាត់សង្រ្គោះ គ្រោះមហន្តរាយ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ ជាពិសេស ដើម្បីដកបទពិសោធន៍ បច្ចេកទេសពីគ្នាទៅវិញទៅមក លើកិច្ចការសង្រ្គោះគ្រោះមហន្តរាយ ដូចជាការងារសង្គ្រោះទឹកជំនន់ បាក់រលំអគារ បាក់ដី ជាដើម ។
នេះគឺជាការធ្វើលំហាត់ លើកដំបូង ដែលរៀបចំឡើង ក្រោមកិច្ចព្រមព្រៀងរួមគ្នា ក្រោយពីបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិ ក្នុងរបស់ប្រទេសទាំងបី នៅទីក្រុងហាណូយ ក្នុងឆ្នាំ២០១៩ កន្លងទៅ៕