ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់អាទិភាពលើគម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។
នាឱកាសអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន(ASEAN Leadership and Partnership Forum) នាថ្ងៃទី១២ កញ្ញា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់ទំនាក់ទំនងតំបន់ អាស៊ាន រួមមាន៖ ទំនាក់ទំនងរូបវន្ត ទំនាក់ទំនងរវាងស្ថាប័ន និងស្ថាប័ន ក៏ដូចជា៖ ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ដើម្បីសម្រេចបាននូវសសរស្តម្ភសេដ្ឋកិច្ច សន្តិសុខនយោបាយ និងវប្បធម៌ សង្គមនៃសហគមន៍អាស៊ាន។
លោកក៏បានបង្ហាញពីផែនការមេ និងកិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន ជាច្រើនដែលបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសដ៏ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប (AE-CATA) គ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងខែតុលា ឆ្នាំ២០២២ ពោលគឺសំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនក្នុងតំបន់អាស៊ាន និងបង្កើតបានជាបណ្តាញដឹកជញ្ជូនអន្តរទំនាក់ទំនង។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់អាទិភាពលើគម្រោងជាច្រើនដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ដែលក្នុង នោះរួមមាន ៖ គម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក គម្រោងអភិវឌ្ឍន៍ វិស័យកំពង់ផែ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការដឹកជញ្ជូន និងភស្តុភារកម្ម»។
លោកក៏បានចង្អុលបង្ហាញនូវកាលានុវត្តភាពវិនិយោគជាច្រើនក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា និងបានជំរុញលើកទឹកចិត្តឲ្យវិស័យឯកជនពិចារណា និងងាកមកវិនិយោគនៅកម្ពុជាបានច្រើន ៕