ព័ត៌មានជាតិ

ស្ថានទូតបារាំង នឹងបើកទ្វារ ទទួលសាធារណជន ចូលទស្សនា ក្នុងទិវាបេតិកភណ្ឌ

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារទទួលសាធារណជន ឲ្យចូលទស្សនាដោយសេរី ជាថ្មីម្តងទៀត នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ បន្ទាប់ពីខកខានមិនបានប្រារព្ធកាលពីឆ្នាំកន្លងទៅដោយសារស្ថានភាពកូវីដ១៩។

ស្ថិតក្រោមប្រធានបទ«បេតិកភណ្ឌប្រកបដោយចីរភាព» ទិវានេះ នឹងអនុញ្ញាតឱ្យសាធារណជនស្វែងយល់ អំពីអគារនានាដែលបង្កប់ ដោយប្រវត្តិសាស្រ្ត ក៏ដូចជាឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូត។

មានទំហំ ៤,៧ហិចតា ឧទ្យានស្ថានទូតបារាំង ស្ថិតក្នុងចំណោមលំហបៃតងធំជាងគេមួយ នៅរាជធានីភ្នំពេញ ដោយមានផ្ទុកនូវជីវៈចម្រុះដ៏មានតម្លៃ

ដូចជាដើមឈើ២០០ដើម ដែលស្ថិតក្នុង៥០ប្រភេទផ្សេងៗគ្នា និងសត្វមួយចំនួនដែលបច្ចុប្បន្ន ស្ថានទូតកំពុងចុះបញ្ជី។

ស្ថានទូត បានធ្វើស្លាករៀបរាប់អំពីដើមឈើ មានតម្លៃដែលស្ថិតនៅក្នុងឧទ្យានស្ថានទូត។

ការទស្សនានឹងប្រព្រឹត្តទៅដោយមានការពន្យល់ជាភាសាបារាំង ខ្មែរ និងអង់គ្លេស ចំនួនបីពេលក្នុងមួយថ្ងៃ

ហើយអ្នកទស្សនា អាចជ្រើសរើសចូលក្នុងក្រុមណាមួយខាងលើ។ អ្នកទស្សនាក៏នឹងអាចស្វែងយល់ផងដែរអំពីស្នាដៃសិល្បៈមួយចំនួនក្នុងឧទ្យាន

រួមទាំងអតីតក្លោងទ្វារស្ថានទូតដែលលោក ហ្វ្រង់ស៊័រ ប៊ីហ្សូ

បានរៀបរាប់នៅក្នុងស្នាដៃរបស់លោកស្តីពីការដួលរលំនៃទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧៥។ ទិវាខាងលើនឹងបញ្ចប់ ដោយការបង្ហាញរូបថតស្ត្រីនិងបុរសនានា ដែលនឹងបង្កើតបេតិកភណ្ឌក្នុងពេលអនាគត។​

រូបថតទាំងនេះត្រូវបានដាក់តាំងលើរបងមុខស្ថានទូតបារាំងក្នុងក្របខ័ណ្ឌនៃពិព័រណ៍«រម្លឹកខួប៣០ឆ្នាំនៃវិទ្យាស្ថានបារាំងនៅកម្ពុជា»។

ស្ថានទូតនឹងបើកជូនសាធារណជនទស្សនាពីម៉ោង៨​៖០០ដល់ម៉ោង១៦៖០០។ បើកជូនទស្សនាដោយសេរី និងដោយពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយកអាហារ ភេសជ្ជៈ (លើកលែងទឹកសុទ្ធ) និងកាបូបធំៗចូលនោះទេ។ អ្នកទស្សនាត្រូវពាក់ម៉ាស ហើយគោរពវិធានការសុខាភិបាល ហើយគួរពាក់ស្បែកជើងដែលងាយស្រួលក្នុងការធ្វើដំណើរក្នុងឧទ្យាន។

ទិវាបេតិកភណ្ឌនៅកម្ពុជាធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានផ្តួចផ្តើមគំនិត ដោយប្រទេសបារាំង ហើយបច្ចុប្បន្នត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង៥០។ នៅកម្ពុជា

អគារបេតិកភណ្ឌល្អឯកផ្សេងទៀត ក៏នឹងបើកទ្វារទទួលសាធារណជន ចូលទស្សនាផងដែរ នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សដ្ឋានអង្គរ និងការិយាល័យអង្គការ​យូណេស្កូនៅភ្នំពេញ។ ម៉ោងពេលនិងបែបបទចូលទស្សនានឹងត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ។

To Top