ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ ពិរុទ្ធជនគ្រឿងញៀនម្នាក់ ពាក់ព័ន្ធនឹងការ ដឹកជញ្ជូនគ្រឿងញៀន ជាង៩គីឡូក្រាម

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២ បានធ្វើការជំនុំជម្រះ លើបណ្ដឹងសារទុក្ខរបស់ ពិរុទ្ធជនគ្រឿងញៀនម្នាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និង ជួញដូរគ្រឿងញៀន ជាង៩ គីឡូក្រាម ប្រព្រឹត្តនៅ ផ្ទះលេខ ២៧ ផ្លូវ ១១ ភូមិបឹងឈូក សង្កាត់ និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៨ ។

លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ហេង សុខឡាយ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរគ្រូរបើកបរឡាន ។

លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះហេង សុខឡាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៨ នៅភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនគាត់ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ៩១២១,៣៩ ក្រាម; ទូរសព្ទ ចំនួន ២ គ្រឿង , និង ជញ្ជីងចំនួន ២ គ្រឿង ពីគាត់។

តុលាការកំពូលបានលើកពេល នឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខ នេះ៕

ដោយ: លីហ្សា

To Top