ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ឧកញ៉ា សៀង ណាំ ប្រគល់ដីជាង៥០០ហិកតា ទៅអាជ្ញាធរអប្សរា (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំនិងប្រាប់ឧកញ៉ា សៀង ណាំ ឲ្យប្រគល់ដីជាង៥០០ហិកតា ទៅអាជ្ញាធរអប្សរា សម្រាប់ត្រៀមដោះស្រាយ គោលនយោបាយ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ។

ថ្លែងចេញពីទឹកដី នៃខេត្តសៀមរាប ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត នៅព្រឹកថ្ងៃទី១៣ កញ្ញា សម្តេចតេជោ បានលើកឡើងថា សម្ដេច សុខ អាន បានឲ្យឧកញ៉ា សៀង ណាំ ទិញដីនៅក្នុងតំបន់រុនតាឯកនេះ ចំនួន១ពាន់ហិកតា តែពុំទាន់បានទូទាត់លុយ ដែលបច្ចុប្បន្ននៅសល់ជាង៥០០ហិកតា ត្រូវប្រគល់ជូនអាជ្ញាធរអប្សរាគ្រប់គ្រង សម្រាប់ត្រៀមដោះស្រាយ គោលនយោបាយ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ។

សម្ដេចថា នេះគឺជាបន្ទាត់នយោបាយ ក្នុងការដោះស្រាយសម្រាប់អ្នកក្រោយ ទោះបីសម្ដេចអវត្តមាន ក៏អ្នកបន្តវេនក្រោយ ត្រូវតែដោះស្រាយតាមបន្ទាត់នយបាយនេះផងដែរ។

សម្ដេចបញ្ជាក់ថា «នេះគឺជាកិច្ចការដែលធ្វើតម្រូវ ដើម្បីការពារនូវសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្រ្ត នូវកេរ្តិ៍មរតក នៃដូនតាយើង»។

សម្ដេចគូសបញ្ជាក់ថា «ឥឡូវ ឯកឧត្ដម សៀង ណាំ ត្រូវប្រគល់ដីនោះ (ជាង៥០០ហិកតា) កាលទិញ១ម៉ែត្រការ៉េ តែ១ដុល្លារទេ ចឹងឥឡូវក៏ខ្ញុំឲ្យ១ដុល្លារវិញដែរ។ ចឹងត្រូវមានការទូទាត់ចុះហត្ថលេខា ជាមួយអគ្គនាយកអាជ្ញាធរអប្សរា និងត្រូវរៀបចំនីតិវិធីផ្នែកអប្សរា សម្រាប់ការទូទាត់លុយឲ្យហើយ ក្នុងទំហំដីដែលនៅសល់ជាង៥០០ហិកតា»។

ក្នុងទំហំដីជាង៥០០ហិកតា ដែលមានទីតាំងស្ថិតនៅ «តំបន់ពាក់ស្នែង» នេះ សម្ដេចក៏បានណែនាំឲ្យ ត្រៀមរៀបចំសម្រាប់ដោះស្រាយ គោលនយោបាយជូនអ្នកត្រៀមបែកគ្រួសារ ដែលរស់នៅក្នុងតំបន់អង្គរផងដែរ៕

To Top