ស្វាយរៀង៖ ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ឆ្នាំ២០២២នេះ គ្រោងនឹងរៀបចំប្រព្រឹត្តិ ទៅរយៈពេល២ថ្ងៃគឺ ថ្ងៃសៅរិ៍-អាទិត្យទី២៩-៣០ ខែតុលា ឆ្នាំ២០២២។ ជាមួយគ្នានេះ លោក ម៉ែន វិបុល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំត្រៀមលក្ខណៈ រៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុង/ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក គណៈកម្មាការ អនុគណៈកម្មការរៀបចំ ពិធីប្រណាំងទូកជាច្រើនរូបទៀត។

លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងថា ដើម្បីរៀបចំពិធីអ៊ុំទូកនេះ ឲ្យប្រព្រឹត្តទៅដោយរលូនទាន់ពេលវេលា និងបង្កបរិយាកាសជូន ប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ រដ្ឋបាលខេត្តស្វាយរៀងបានបង្កើតគណៈកម្មការចំនួន ១ អមដោយអនុគណៈកម្មការចំនួន ១០ផ្សេងទៀត ជាជំនួយការផងដែរ។

លោកអភិបាលខេត្ត បានថ្លែងណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេច របស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់ អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបាន ច្បាស់លាស់ដេីម្បីពន្លឿនលេីការងារទាំងនោះឲ្យមានប្រសិទ្ធភាព នឹងទាន់ពេលវេលា៕
