ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក ទទួលជួបសំណេះសំណាល ជាមួយ ឯកអគ្គរាជទូតថៃ ចប់អាណត្តិ ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយ លោក ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ មុននឹង លោកបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ដែលបានអនុវត្តកន្លងមក ទោះបីនៅក្នុងកាលៈទេសៈ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងនេះ សកម្មភាពពាណិជ្ជកម្មដោះដូរ ទំនិញ រវាងប្រទេសទាំងពីរ នៅតែមានដំណើរការ ឥតអាក់ ហើយភាពជិតស្និទ្ធនេះក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ជាលំដាប់តទៅអនាគត ។ លោល ក៏បានសម្តែងនូវការ កោតសរសើរដល់ការ អភិវឌ្ឍរីកចម្រើន ដ៏ឆាប់រហ័សលើគ្រប់វិស័យ របស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ នៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានលើកទ្បើងអំពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ថៃ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៃប្រទេសទាំងពីរ លោក ក៏បានគូសរំលេច អំពីដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ និយាយជារួម និងនិយាយដោយឡែកក្នុងកម្រិតកងទ័ពជើងគោក បន្ទាប់ពីការ ចុះហត្ថលេខាលើ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃកងភូមិន្ទថៃ” កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ហើយក៏ត្រូវ បានចាប់ផ្តើមអនុវត្តរួចមក ដោយទទួលបានលទ្ធផលល្អប្រសើរ ដែលឆ្លុះបញ្ចាំង តាមរយៈការផ្សារភ្ជាប់នូវទំនាក់ទំនង កាន់តែសកម្មជិតស្និទ្ធរវាងអង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងលំហាត់រួម។

ជាចុងក្រោយ លោក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ ឯកអគ្គរាជទូត ប៉ាន់យ៉ារ៉ាក់ ភូលថុប ចំពោះកិច្ចខិតខំ ប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស កងទ័ព និងប្រជាជនទាំងពីរ ព្រមជាមួយនឹងការអរគុណ រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះជំនួយអភិវឌ្ឍន៍ដែលបានផ្តល់ដល់កម្ពុជា និង ការជួយឧបត្ថម្ភគាំទ្រ គ្នាទៅវិញទៅមកក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្ររបស់ប្រទេសថៃដល់ការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ដោយរាប់ទាំងវិធានការ នៅក្នុងការដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា ។ ទាំងនេះ គឺបានឆ្លុះបញ្ចាំងអំពីស្មារតីមិត្តភាព, ការគោរព និងការជឿទុកចិត្តគ្នា ទៅវិញទៅមក រវាងប្រទេស និងប្រជាជនយើងទាំងពីរ ក្នុងនាមជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា និងជាសមាជិកអាស៊ានដូចគ្នា ៕

To Top