ព័ត៌មានជាតិ

ក្រសួងអប់រំ ពន្យារពេលប្រឡងបាក់ឌុប ទៅថ្ងៃទី៥-៦ ធ្នូ វិញ ព្រោះកម្ពុជា ជាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យារពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ ទៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២វិញ ព្រោះកម្ពុជា ជាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្នុងអំឡុងខែវិច្ឆិកា ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជានឹងមានព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់ដូចជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣។

ក្រសួង បញ្ជាក់ថា «ដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំ ព្រឹត្តិការណ៍កីឡាជាតិ និង ពិធីបុណ្យជាតិខាងលើ និងដើម្បីឲ្យបេក្ខជន មានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀនសូត្រសម្រាប់ត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ក្រសួងសម្រេចពន្យារពេល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងរៀបចំ នៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ វិញ»

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបានកំណត់វិញ្ញាសាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដូចជា៖១៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ប្រវត្តិវិទ្យា ទី២៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ផែនដី និងបរិស្ថានវិទ្យា៕

To Top