ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ ការធ្វើសមាហរណកម្ម ឌីជីថលអាស៊ាន។
ក្នុងពិធីថ្លែងសន្ទរកថា បើកកិច្ចប្រជុំក្រុមសកម្មភាព ថ្នាក់តំបន់សម្រាប់អាស៊ាន របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action Group for ASEAN) នាថ្ងៃទី១៣ កញ្ញា លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញយកកាលានុវត្តភាព និងផលប្រយោជន៍នៃការរីកចម្រើន នៃប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល។
លោកបន្ដថា ការធ្វើសមាហរណកម្មឌីជីថលក្នុងកម្រិតតំបន់អាស៊ាន បន្ថែមលើ AEC Blueprint 2025 ដែលមានដូចជា ផែនការមេ ICT អាស៊ាន ២០២០, ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥, ក្របខណ្ឌអាស៊ាន សម្រាប់ការការពារ ទិន្នន័យផ្ទាល់ខ្លួន, និងផែនការសកម្មភាពយុទ្ធសាស្ដ្រ អាស៊ាន សម្រាប់ការអភិវឌ្ឍ SME ២០២៥, កិច្ចព្រមព្រៀងអាស៊ានស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និង Bandar Seri Begawan Roadmap។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា «ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ដូចជា ការសិក្សាលទ្ធភាពម៉ូដែល បញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោង ពាក់ព័ន្ធនឹង SDGs ក្នុងការដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញ កំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មី ក្នុងតំបន់អាស៊ាន»។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី ក៏បានថ្លែងពីសារសំខាន់ កិច្ចសហការរវាងវិស័យរដ្ឋ និងភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ក្នុងការលើកស្ទួយបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចអាស៊ាន ប្រកបដោយបរិយាបន្ន និងនិរន្ដរភាព៕