ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល លើកទឹកចិត្តវិស័យឯកជន ប្រើយន្ដការច្រកចេញចូលតែមួយ ដើម្បីកាត់បន្ថយកកស្ទះតាមព្រំដែន (Video)

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានលើកទឹកចិត្តដល់វិស័យឯកជននៅប្រទេសជាសមាជិកអាស៊ាន ជំរុញរដ្ឋាភិបាលរបស់ខ្លួន ក្នុងការប្រើប្រាស់យន្តការច្រកចេញចូលតែមួយ សម្រាប់ការត្រួតពិនិត្យដឹកជញ្ជូនទំនិញ ដើម្បីកាត់បន្ថយកកស្ទះតាមព្រំដែន។

ក្នុងកិច្ចប្រជុំក្រុមការងារប្រតិបត្តិប្រចាំតំបន់អាស៊ាន (Regional Action Group) នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF-World Economic Forum) ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី១៣ កញ្ញា លោក ស៊ុន ចាន់ថុល បានថ្លែងថា «បញ្ហាប្រឈមទាក់ទងនឹងការ អនុវត្តយន្តការច្រកចេញចូលតែមួយ(Single Window Single Inspection) និងបានលើកទឹកចិត្តឲ្យវិស័យឯកជនជំរុញរដ្ឋាភិបាលរបស់ខ្លួន ក្នុងការប្រើប្រាស់យន្តការនេះសម្រាប់ការត្រួតពិនិត្យការដឹកជញ្ជូនទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅតាមព្រំដែន និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មឲ្យកាន់តែប្រសើរឡើង»។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជាដែលត្រូវការទុនវិនិយោគប្រមាណជិត៥០ពាន់ លានដុល្លារ ដើម្បីអនុវត្តគម្រោងប្រមាណ៣៣២គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឲ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន ព្រមទាំងបង្កើតការងារធ្វើនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ(Port EDI) ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន និងគម្រោងដាក់ដំណើរការជាបណ្ដោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ(Expressway PP-SHV) នៅដើមខែតុលា ឆ្នាំ២០២២ ដែលជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជា អាចកាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារប្រតិបត្តិប្រចាំតំបន់អាស៊ាន (Regional Action Group) នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF-World Economic Forum) ក្រោមប្រធានបទ «មាគ៌ារបស់អាស៊ានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយភាពរស់រវើក បរិយាបន្ន និងនិរន្តរភាព និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ភាពធន់ និងការផ្លាស់ប្តូរបៃតងរបស់សហគមន៍អាស៊ាន»៕

To Top