ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការបន្តអូសបន្លាយនៃជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឲ្យអត្រាអតិផរណា កើនឡើងយ៉ាងគំហុក ព្រមទាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល ។
នាឱកាសអញ្ជើញបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងរយៈពេល៣០ឆ្នាំ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ចាប់តាំងពីការបង្កើត តំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ក្នុងឆ្នាំ១៩៩២ និងឈានដល់ការអនុម័ត ផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ និងឆ្នាំ ២០២៥ អាស៊ានបានរួមគ្នាជាធ្លុងមួយ ក្នុងការកសាងតំបន់នេះឲ្យ ទៅជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្ម។
សម្ដេចតេជោបញ្ជាក់ថា «ជាអកុសល ទោះបីយើងបានរួមគ្នាប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលសម្រេចបានជោគជ័យមួយដ៏ធំ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ដំណើរការនៃការកសាងសហគមន៍ សេដ្ឋកិច្ចរបស់យើង បាននិងកំពុងបន្តប្រឈមនឹង ឧបសគ្គដោយសារការផ្លាស់ប្តូរ ឥតឈប់ឈរនៃនិម្មាបនកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មតំបន់ និងសកល ដែលបណ្ដាលមកពីបញ្ហា ស្មុគស្មាញប្រទាក់ក្រឡាគ្នា ជាច្រើន ដូចជា៖ ការបន្តអូសបន្លាយនៃជំងឺកូវីដ-១៩, បញ្ហាសង្គ្រាមនៅអ៊ុយក្រែន, ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា, និងការប្រែប្រួលអាកាសធាតុ ជាដើម»។
សម្ដេចតេជោបន្ដថា «កត្តាទាំងនេះ បានធ្វើឲ្យអត្រាអតិផរណា កើនឡើងយ៉ាងគំហុក, បន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល និងជាពិសេសធ្វើឲ្យសន្ទុះ នៃការងើបឡើងវិញ នៃសេដ្ឋកិច្ចសកល និងតំបន់ មានការថមថយគួរឲ្យកត់សម្គាល់» ៕