ព័ត៌មានជាតិ

អគ្គនាយក​​​ ARDB ទស្សនៈកិច្ចសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍ ផ្សារបោះដុំផលិតផលកសិកម្ម​ TALAAD THAI ជាពិសេសបន្លែ-ផ្លែឈើ

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នំា២០២២ បានដឹកនំាក្រុមការងារ​​​ បំពេញទស្សនៈកិច្ចសិក្សាស្វែងយល់​ និងដកស្រង់បទពិសោធន៍ការងារ នៅក្រុមហ៊ុន​ Thai Agro Exchange Co., Ltd ដែលគ្រប់គ្រងផ្សារបោះដុំ ផលិតផលកសិកម្ម​ TALAAD THAI ជាពិសេសបន្លែ-ផ្លែឈើក្នុងស្រុក​ និងពីបរទេស​ ។

គួរឲ្យដឹងថា ផ្សារបោះដុំ TALAAD THAI ជាផ្សារបោះដុំធំជាងគេ នៅប្រទេសថៃ​ ហើយដើរតួរនាទីយ៉ាងសំខាន់​​ ក្នុងការសម្របសម្រួលរវាងតម្រូវការ និងការផ្គត់ផ្គង់ផលិតផល បន្លែ-ផ្លែឈើបោះដុំ ប្រកបដោយគុណភាព សម្រាប់ចែកចាយបន្ត ដល់អ្នកប្រើប្រាស់ ហើយក៏ជាទីផ្សារមួយដ៏សំខាន់ សម្រាប់ប្រជាកសិករ ដំាដុះបន្លែ-ផ្លែឈើផងដែរ ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ​​ទទួលបន្ទុកជាឣគ្គនាយក នៃធនាគារឣភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកបណ្ឌិត Prasun Kumar Das ឣគ្គលេខាធិការ សមាគមឥណទានកសិកម្ម និងជនបទ នៃតំបន់អាស៊ីបាស៊ីហ្វិក (Asia-Pacific Rural and Agricultural Credit Association – APRACA) ក៏អញ្ជើញចូលរួមបើកកម្មវិធីសិក្ខាសាលា ស្តីពីហិរញ្ញប្បទានបៃតង​​​ ក្នុងវិស័យកសិកម្ម និងចំណីអាហារ “Green and Sustainable Finance to Agriculture and Food Sector” ដែលរៀបចំដោយ APRACA ពីថ្ងៃទី១១ ដល់ ១៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ កម្មវិធីសិក្ខាសាលានេះ មានគោលបំណងពង្រឹងសមត្ថភាព ដល់បុគ្គលិកធនាគារ ARDB អំពីការរៀបចំ Green Finance Taxonomy, ស្វែងយល់ពីឧបករណ៍ហិរញ្ញវត្ថុបៃតង និងការអនុវត្តហិរញ្ញប្បទានបៃតង នៅកម្ពុជា តាមរយៈការដកស្រង់បទពិសោធន៍ ពីបណ្តាប្រទេសផ្សេងៗ៕

To Top