ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នាថ្ងៃទី១៤ កញ្ញានេះ បានផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយ មានទីតាំងនៅក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់ ប្រជាជនជិត៣០០ ០០០ នាក់។ រោងចក្រនេះ មានទីតាំងនៅ មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា និង ជាមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយត្រូវបានសាងសង់ក្នុងភាពជាដៃគូ ជាមួយអង្គការយូនីសេហ្វ និងក្រសួងសុខាភិបាលកម្ពុជា ។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ម៉ាស៊ីននេះនឹងបំពេញតម្រូវការ ផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗ ដូចជា ការព្យាបាលអ្នកជំងឺ COVID-19 ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។ វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង១៦លានដុល្លារ នៅក្នុងការគាំទ្ររបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការឆ្លើយតបរបស់កម្ពុជាលើជំងឺរាតត្បាត និងជាឧទាហរណ៍ ដែលបង្ហាញនៃចំណងទាក់ទងដ៏រឹងមាំនៃប្រទេសទាំងពីររបស់យើង» ។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារនិងម៉ាស៊ីនផលិត អុកស៊ីសែននេះ ជាទីតាំងដំបូងគេនៅ ក្នុងខេត្ត។ មន្ទីរពេទ្យបង្អែកខេត្ត១៦មករា បានបម្រើដល់ស្រុកចំនួន៧ដែលមានប្រជាជនប្រមាណ ២៨៤ ០០០ នាក់។ បន្ថែមពីលើការផ្តល់ការគាំទ្រយ៉ាងសំខាន់សម្រាប់ការថែទាំអ្នកជំងឺ COVID-19 ការផ្គត់ផ្គង់អុកស៊ីសែនដែលអាចជឿទុកចិត្ត នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគមន៍ដែលពឹងផ្អែកលើ សេវាព្យាបាលរបស់មន្ទីរពេទ្យ ។
លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បាននិយាយថា «អុកស៊ីសែន អាចធ្វើឲ្យមានភាពខុសគ្នារវាងជីវិត និងសេចក្តីស្លាប់។ នេះជាមូលហេតុ ដែលអង្គការយូនីសេហ្វ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្គត់ផ្គង់អុកស៊ីសែន និងហេដ្ឋារចនាសម្ព័ន្ធ ទន្ទឹមនឹងការកសាងសមត្ថភាពបុគ្គលិក សុខាភិបាលក្នុងការប្រើប្រាស់វា» ។
ម៉ាស៊ីនផលិតអុកស៊ីសែន ជាម៉ាស៊ីនដែលអាចផលិតអុកស៊ីសែនចំនួន ៣០០លីត្រ ក្នុងមួយនាទី (LPM) ជាមួយនឹងស្ថានីយ៍ផ្ទុកដែលមានបំពង់ស៊ីឡាំង និងតភ្ជាប់ទៅបំពង់អុកស៊ីសែនរបស់មន្ទីរពេទ្យ។ ជាលទ្ធផលគម្រោងនេះនឹងជួយមន្ទីរពេទ្យឈប់ទិញបំពង់អុកស៊ីសែន ពីអ្នកផ្គត់ផ្គង់ឯកជន ហើយបញ្ជូនបំពង់អុកស៊ីសែនរបស់ខ្លួន ទៅកាន់ទីតាំងឆ្ងាយៗ សម្រាប់បំពេញឡើងវិញទ្បើយ៕