ភ្នំពេញ ៖ ក្រោយបែកធ្លាយវិដេអូឃ្លីបខ្លីប្រមាណជា១នាទី រសៀលថ្ងៃទី១៤ កញ្ញា នេះ ដោយមានការចែកចាយបន្តគ្នា ក្នុងបណ្តាញសង្គម ស្តីពីគ្រូបង្រៀន បើហិង្សាលើសិស្សស្រីម្នាក់ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងស្រាវជ្រាវ រកករណីនេះ ។

ជាមួយនឹងការស្រាវជ្រាវនោះ លោកថ្លែងអំណរគុណ ចំពោះមហាជន ដែលបាននិងបន្តចូលរួមសហការ រួមទាំងផ្តល់ ដំណឹងក្នុងន័យ ចូលរួមលើកកម្ពស់ គុណភាព អប់រំកម្ពុជា ។ នេះបើលោកបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាមុននេះបន្តិច។
លោកថា “ករណីមានបាតុភាពនៅ តាមគ្រឹះស្ថានសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការរដ្ឋបាល បើចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជន និង កីឡាទាំង២៥ខេត្ត-រាជធានី ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ វិធានការរដ្ឋបាលមាន២កម្រិត ។ វិធានការរដ្ឋបាលថ្នាក់ទី១ គឺស្តីបន្ទោសជាលាយលក្ខអក្សរ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខណ្ឌ”។

ជាមួយគ្នានេះ លោកក៏បានបង្ហាញពីច្បាប់ស្តីពីការអប់រំផងដែរ ដោយ ៖ មាត្រា១៧ នៃច្បាប់ស្តីពីការអប់រំបានចែងថាការអប់រំចំណេះទូទៅ ជាការចាំបាច់ដែលធ្វើឲ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត បញ្ញា កាយ និងធានាឲ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។
មាត្រា ៣៥ នៃច្បាប់ស្តីពីការអប់រំបានចែងពីសិទ្ធនិងករណីយកិច្ចរបស់អ្នកសិក្សា ទាក់ទងនឹងការអប់រំថាមានសិទ្ធទទួលបានការគោរព និងការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សជាពិសេសសិទ្ធិមានសេចក្តីថ្លៃថ្នូរ សិទ្ធិរួចផុតពីទារុណកម្ម ឬការដាក់ទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី។

ចំពោះអ្នកសិក្សាវិញ លោកបញ្ជាក់ថា មានករណីកិច្ចគោរពបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សា តម្លៃខាងសមធម៌យេនឌ័រ ដោយអនុវត្តសិទ្ធរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកដ៏ទៃ ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ចិត្ត និងគុណភាពលទ្ធផលសិក្សា។
បើតាមប្រភព នៃការចែកចាយវិដេអូនៃហិង្សានេះ កើតឡើងនៅសាលាសេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល ហើយលោកគ្រូវាយសិស្សនោះ មានឈ្មោះ ម៉ម សុធានី ៕
