ព័ត៌មានជាតិ

ពលរដ្ឋ ប្រើរថយន្តអគ្គិសនី មានគុណសម្បត្តិល្អច្រើនជាង រថយន្តប្រើប្រេងឥន្ធនៈទៀត

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការប្រើប្រាស់រថយន្តអគ្គិសនី មានគុណសម្បត្តិល្អច្រើនជាង រថយន្តប្រើប្រេងឥន្ធនៈ ខណៈពន្ធនាំចូលលើរថយន្តអគ្គិសនីនេះ ក៏មានតម្លៃទាបជាងពន្ធនាំចូល នៃរថយន្តប្រើប្រេងឥន្ធនៈផងដែរ។

ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃ១៤ កញ្ញា លោក ស៊ុន ចាន់ថុល បានលើកឡើងពីការកើនឡើងគួរឲ្យកត់សម្គាល់ នៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ មានរថយន្តអគ្គិសនីចំនួន ៣០៥គ្រឿង បានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ១៨០៦% ដែលជាការឆ្លុះបញ្ចាំងឲ្យ ឃើញនូវការយល់ដឹង និងការគាំទ្ររបស់ប្រជាពលរដ្ឋ លើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។

លោកបញ្ជាក់ថា «ការប្រើប្រាស់រថយន្តអគ្គិសនី មានគុណសម្បត្តិល្អច្រើនជាង រថយន្តប្រើប្រេងឥន្ធនៈ ដោយពន្ធនាំចូលលើរថយន្តអគ្គិសនីនេះ មានតម្លៃទាបជាងពន្ធនាំចូល នៃរថយន្តប្រើប្រេងឥន្ធនៈ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់រថយន្តអគ្គិសនី ចំណេញថាមពលច្រើនជាង រថយន្តប្រើប្រេងឥន្ធនៈ ដល់ទៅ៣ដង ។ ចំណែកការជួសជុលថែទាំ មានការចំណាយតិច ដោយសារគ្រឿងបន្លាស់ រថយន្តអគ្គិសនីមានចំនួនតិច ជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនី មិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អផងដែរ»។

លោក ក៏បានថ្លែងអំណរគុណ ដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានផ្ដល់ស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនីទី៣ នៅខេត្តសៀមរាប និងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង។ លោកសង្ឃឹមជឿជាក់ថា វិស័យឯកជនក៏ដូចជា ដៃគូអភិវឌ្ឍន៍ផ្សេងទៀត នឹងផ្ដល់ស្ថានីយបញ្ចូលថាមពល អគ្គិសនីយានយន្តបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋអាច ទិញរថយន្តអគ្គិសនីបានច្រើន និងប្រើប្រាស់បានទូលំទូលាយ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ១៤ កញ្ញា ក្រសួងបានដាក់ដំណើរការស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនីបានចំនួន ៣ទីតាំង ៖ ទី១ ស្ថិតក្នុងទីស្ដីការក្រសួងសាធារណការ , ទី២ស្ថិតនៅខេត្តព្រះសីហនុ ដែលបានសម្ពោធដាក់ប្រើប្រាស់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ និងទីតាំងលើកទី៣ ស្ថិតនៅក្នុងក្រុងសៀមរាប នាពេលនេះ។ ក្រសួងនឹងដំឡើងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបងជាជំនួយរបស់ UNDP ដើម្បីជំរុញលើកទឹកចិត្តពលរដ្ឋប្រើប្រាស់ យានយន្តអគ្គិសនីឲ្យបានច្រើននៅកម្ពុជា ៕

To Top