ព័ត៌មានជាតិ

កម្ពុជា សង្កេតឃើញ តួកគី ប្រកាន់ជំហរអព្យាក្រឹត្យ នាំឲ្យកាត់បន្ថយភាពតានតឹង ក្នុងតំបន់ជម្លោះជាអន្តរជាតិ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានសង្កេតឃើញថា ប្រទេសតួកគី បានប្រកាន់ជំហរអព្យាក្រឹត្យ ដែលនេះជាមេរៀនមួយដ៏ល្អអាចនឹងនាំទៅដល់ការកាត់បន្ថយភាពតានតឹង ក្នុងតំបន់ជម្លោះជាអន្តរជាតិរវាងរុស្ស៊ី-អ៊ុយក្រែន។

នាឱកាសអនុញ្ញាតឲ្យលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានផ្លាស់ប្ដូរទស្សនៈគ្នាជាមួយ លោកស្រី អំពីព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន។

សម្ដេចសង្កេតឃើញថា «ប្រទេសតួកគី បានប្រកាន់ជំហរអព្យាក្រឹត្យ និងជាមេរៀនមួយដ៏ល្អអាចនឹងនាំទៅដល់ការកាត់បន្ថយភាពតានតឹងក្នុងតំបន់ជម្លោះជាអន្តរជាតិ រួមទាំងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដែលក៏បង្កផលប៉ះពាល់ជាសាកលរួមទាំងកម្ពុជាផងដែរនោះ»។

សម្ដេចបន្ដថា ជម្លោះនេះ មិនអាចបញ្ចប់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ គឺមានតែការចរចាគ្នាប៉ុណ្ណោះ ទើបអាចស្វែងរកដំណោះស្រាយបាន។

លើសពីនេះ សម្ដេច ស ខេង បានបញ្ជាក់ថា សម្រាប់កម្ពុជា បញ្ហាប្រឈមមុខនេះក៏ជាឱកាស និងជាបញ្ហាប្រឈមសម្រាប់កម្ពុជាដែរ ក្នុងនោះគឺមិនអាចកាត់ផ្ដាច់ការចូលរួមពីភាគីណាមួយនោះទេ ដូចជា៖ ការព្យាយាមឱ្យភាគីមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំអាស៊ាន ជាដើម។

នាឱកាសនោះ លោកស្រី UIKU Kocaefe ក៏បានបង្ហាញការគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់ សម្ដេច ស ខេង និងបានមានប្រសាន៍ថា ជាការពិតបញ្ហានៃជម្លោះ និងការដាក់ទណ្ឌកម្មនេះ បានជះឥទ្ធិពលលើគ្រប់ប្រទេស និងស្ទើតែគ្រប់វិស័យ។

លោកស្រីបន្តថា ជំហររក្សាអព្យាក្រឹត្យរបស់តួកគី ក៏កំពុងតែជួបការលំបាកដែរ ប៉ុន្តែតួកគី នៅតែប្រកាន់ជំហរនេះ ដើម្បីឲ្យមានការចរចាពីគ្រប់ភាគី ពីព្រោះក្នុងសង្គ្រាមគឺមិនមានអ្នកឈ្នះនោះទេ ហើយសម្រាប់តួកគី គឺនឹងខិតខំព្យាយាមឲ្យប្រទេសជម្លោះចូលមកតុចរចា។ លោកស្រីថា តួគី និងកម្ពុជា មានជំហរស្រដៀងលើបញ្ហានេះ ហើយក្នុងនាមប្រធានអាស៊ាន លោកស្រីសង្កេតឃើញថា «កម្ពុជាពិតជាបានខិតខំរកដំណោះដោះស្រាយបញ្ហាតំបន់ ដូចជា ករណីនៅប្រទេសមីយ៉ាន់ម៉ា»៕

To Top