ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃកម្ពុជា មានជំនឿថា ឯកអគ្គរដ្ឋទូតបេឡារុស ទើបតែងតាំងថ្មីប្រចាំកម្ពុជា នឹងខិតខំរួមចំណែក ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
នាឱកាសអនុញ្ញាតឱ្យលោក Uladzimir BARAVIKOU ឯកអគ្គរដ្ឋទូតបេឡារុស ទើបតែងតាំងថ្មី ប្រចាំកម្ពុជាចូលជួបជូនសារតាំង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច សាយ ឈុំ បានថ្លែងថា «តាមរយៈបេសកកម្មការទូត របស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែក ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងនោះទំនាក់ទំនង រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ឲ្យកាន់ប្រសើរឡើងថែមទៀត»។
សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេច មានជំនឿជាក់ថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូត នឹងបន្តខិតខំពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឱ្យកាន់តែ ប្រសើរឡើងថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ឱកាសនោះលោក Uladzimir BARAVIKOU បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ។ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស របស់កម្ពុជាផងដែរ៕