ភ្នំពេញ៖ តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោស យុវជនជាប់ចោទម្នាក់ ជាប់គុក ៥ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រួមភេទជាមួយក្មេងស្រីម្នាក់ អាយុ ១៣ឆ្នាំ ដែលត្រូវជាសង្សារនឹងគ្នា និង ស្គាល់គ្នា តាមរយៈលេងហ្វេសប៊ុក ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពី ឆ្នាំ ២០២០ ។
លោក គី ឬទ្ធី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ៖គឹម ជីរ័ន្ត ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរជាងឈើ មានទីលំនៅ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនជាប់ចោទ ឈ្មោះ គឹម ជីវ័ន្ដ ត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញកាលពីខែ ធ្នូ ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ពីបទ ” រួមភេទជាមួយអនីតិជន អាយុ ក្រោម ១៥ ឆ្នាំ ” តាមមាត្រា ៤២ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្សនិង អំពើអាជីវកម្មផ្លូវភេទ ។តែគាត់ បានប្តឹងឧទ្ទរណ៍ ។
ជនជាប់ចោទ ឈ្មោះ គឹម ជីវ័ន្ដ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនកាលពីថ្ងៃទី ១៥ ខែ កក្កដា ២០២០ ៕
ដោយ: លីហ្សា