ព័ត៌មានជាតិ

ប.ស.ស. បើកកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យលើវឌ្ឍនភាព ការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ប្រចាំខែសីហា ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ លោក លោកស្រី ដែលជាប្រធានការិយាល័យ សរុបប្រមាណជាង ១០០នាក់ នៅសាលប្រជុំធំ ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធ Hybrid ។

លោកប្រតិភូ បានថ្លែងថា៖ ការផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនកន្លងមក ទទួលនូវលទ្ធផលយ៉ាងល្អប្រសើរ តាមរយៈកិច្ចសហការ រវាងភាគីនិយោជក និងភាគីនិយោជិត ក្នុងការចូលរួមឈ្វេងយល់ និងបានបង្ហាញការពេញចិត្តក្នុងគោលនយោបាយដ៏ល្អ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ទន្ទឹមនឹងនេះដែរ លោក ក៏បានជំរុញដល់ភាគីពាក់ព័ន្ធត្រូវរៀបចំផែនការ ចុះផ្សព្វផ្សាយឱ្យដល់មូលដ្ឋានរស់នៅរបស់បងប្អូនកម្មករនិយោជិត ដែលជាគោលដៅសំខាន់ដើម្បីបញ្ជ្រាបការយល់ដឹង អំពីរបបសន្ដិសុខសង្គមឱ្យកាន់តែទូលំទូលាយដល់បងប្អូនសាច់ញាតិ បន្ថែមទៀតផងដែរ។

លោកប្រតិភូ បានថ្លែងបន្ដថា៖ បន្ទាប់ពីយុទ្ធនាការនៃការផ្សព្វផ្សាយនេះ ត្រូវបានបញ្ចប់របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន និងចាប់ផ្ដើមទទួលការបង់ភាគទាន មកក្នុងប្រព័ន្ធរបស់ ប.ស.ស. នៅដើមខែវិច្ឆិកាខាងមុខនេះ ទន្ទឹមនឹងនេះដែរថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃ ប.ស.ស. ត្រូវដោះស្រាយ នូវរាល់បញ្ហាប្រឈមទាំងឡាយ ដែលបានកើតឡើង ជាពិសេសត្រូវពិនិត្យ តាមដានចំពោះការមិនបញ្ជូនឈ្មោះបងប្អូននិយោជិត និងការមិនបង់ភាគទាន មកក្នុងប្រព័ន្ធ ប.ស.ស. ដែលនេះជាការងារ ដែលយើងទាំងអស់គ្នាត្រូវទទួលខុសត្រូវខ្ពស់ចំពោះមុខ ក្នុងការការពារអត្ថប្រយោជន៍របស់បងប្អូននិយោជិត។

ជាមួយគ្នានេះដែរ លោកប្រតិភូ ក៏ថ្លែងការកោតសរសើរ និងក្រើនរំលឹកចំពោះ ថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. មន្រ្តី បុគ្គលិកគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដយកចិត្តទុកដាក់ពិនិត្យ តាមដាន អនុវត្តនូវរាល់កិច្ចការរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ក្នុងការបំពេញការងារប្រចាំថ្ងៃ ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពបន្ថែម លើការងារបច្ចុប្បន្នដែលមានស្រាប់ផងដែរ៕

To Top