ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញ ចុះទៅសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, កងវរសេនាតូចលេខ ១ (ថ្មធំ) កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ និងកងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹក រងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែន ទិសប្រាសាទតាក្របី ដែលជាសម្ព័ន្ធមេត្រីភាព របស់ក្រសួងធនធានទឹក និងឧតុនិយម ។

ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈតំណាង របស់លោករដ្ឋមន្ត្រី ក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព និងប្តេជ្ញានៅតែបន្តការជួយ ឧបត្ថម្ភគាំទ្រ ដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់ នូវជីវភាពរបស់កងទ័ព គ្រួសារ កងទ័ព និងការសាងសង់ នូវហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ នៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែង នូវការដឹងគុណ ចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្ម គ្រប់បែបយ៉ាង ដើម្បីការពារ សុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ ដោយពុំខ្លាចការនឿយហត់ និងបានអរគុណសន្តិភាព-អរគុណ នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញ ។

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភ ដល់បញ្ជាការដ្ឋាន និងបណ្តាកងវរសេនាតូច ដែលជាសម្ព័ន្ធមេត្រីភាព របស់ក្រសួងធនធានទឹក និងឧតុនិយម ដោយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល ក្នុងនោះរួមមាន ៖
១- បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៣៧១ នាក់
២- កងវរសេនាតូចលេខ ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ ចំនួន ១១០ នាក់
៣- កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹក រងខេត្តព្រះវិហារ ចំនួន ២០៣ នាក់
៤- កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែន ទិសប្រាសាទតាក្របី ចំនួន ២៧០ នាក់ ៕

















