កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៦ នៅវត្តបុទមរតនៈដីដុះ និងវត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងក្រុងកំពង់ចាម ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន មានមាតា បិតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

ក្នុងពិធីនោះ លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន ព្រមទាំងមន្ត្រីរាជការចូលរួមទាំងអស់ បានប្រគេនយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃ និងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ និងបានប្រគេនទ័យទានជាច្រើនមុខ ចំពោះព្រះសង្ឃទាំងពីរវត្ត ដោយក្នុង ១វត្ត មានដូចជា អង្គរ ១០០ គីឡូក្រាម, មី ១កេសធំ, ទឹកដោះគោខាប់ ១កេសធំ, ត្រីខ ១ កេស, ទឹកត្រី ៥ យួរ, ទឹកស៊ីអ៊ីវ ៥យួរ , ទឹកសុទ្ធ ៥កេស, តែ ៥ គីឡូ, ស្ករស ៥ គីឡូ , បាយ ម្ហូប និងផ្លែឈើ , ។ សម្រាប់ បច្ច័យកសាង វត្តបុទុមរតន:ដីដុះ ចំនួន ៥,៧៧០,០០០រៀល និងវត្តសុទស្សនារាម ជ្រោយថ្ម ចំនួន ៥,៤៤០,០០០រៀលផងដែរ ។

បុណ្យកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទដែលសន្មតទុកថា ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំងប្រទេស កម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយមានទឹកមុខរីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធ សាសនា ជឿបុណ្យជឿបាបជឿកម្មផល។ ទាំងអស់គ្នាសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំងប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍ និងគួរឱ្យរំភើបរីករាយពន់ប្រមាណ ៕

