ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសារទុក្ខ ស្នើសុំស្ថិតនៅក្រៅឃុំ បណ្តោះអាសន្ន របស់ បុរសជាប់ចោទ អាយុ ៧៨ ឆ្នាំ ដែលត្រូវបានចាប់ឃាត់ខ្លួន និង ឃុំជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត បន្ទាយមានជ័យ អស់រយៈពេល៦ ខែ មក ហើយ ជាប់ពាក់ព័ន្ធនឹងបទល្មើស ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៏ ប្រព្រឹត្តនៅត្រង់ចំណុច ជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីដើមឆ្នាំ២០២២ ។
លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ទី វណ្ណឌី ភេទប្រុស អាយុ ៧៨ ឆ្នាំ មុខរបរ មន្ត្រីចូលនិវត្តន៍ មានទីលំនៅ សង្កាត់ អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ទី ១៧ ខែ មេសា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ជនជាប់ចោទ ឈ្មោះ ទី វណ្ណឌី ពីបទ ” ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៤ និង មាត្រា ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទ បានប្តឹងរឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍ បានបដិសេធ និង មិនអនុញ្ញាតឱ្យគាត់ បានស្ថិតនៅក្រៅឃុំ ឡើយ។ គាត់ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទ ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃ ១ ខែ មិនា ឆ្នាំ ២០២២ ។
នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ ទី វណ្ណឌី បានសំណូមពរ ដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ តុលាការកំពូល មេត្តាសម្រេចដោះលែង រូបគាត់ អោយនៅក្រៅឃុំបណ្តោះអាសន្ន និង មានសេរីភាពឡើងវិញ ពីព្រោះគាត់មានវ័យចំណាស់ណាស់ និង មានជម្ងឺប្រចាំកាយផង។ ម្យ៉ាងវិញទៀត, គាត់ក៏បាន ជាប់នៅក្នងពន្ធនាគារ អស់រយៈពេល ៦ ខែ ១៦ ថ្ងៃមកហើយ មកដល់សព្វថ្ងៃនេះ។
តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃ ទី ២១ ខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ៕
ដោយ : លីហ្សា