ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ទទួលជួបក្រុមអ្នកជំនាញបច្ចេកទេស នៃអនុព័ន្ធយោធា ស្ថានទូតចិនប្រចាំកម្ពុជា ចុះមកពិនិត្យមើលរថយន្ត សេរីទំនើបចំនួន១១៥គ្រឿង ដើម្បីត្រៀមបណ្តុះបណ្តាល បច្ចេកទេសបើកបរ និងការថែទាំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍ និងជួបជាមួយក្រុមអ្នកជំនាញបច្ចេកទេស នៃអនុព័ន្ធយោធា ស្ថានទូតចិនប្រចាំកម្ពុជា ចុះមកពិនិត្យមើលរថយន្តសេរីទំនើបចំនួន១១៥គ្រឿង ក្រសួងការពារជាតិចិនផ្តល់ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីត្រៀមបណ្តុះបណ្តាលពីបច្ចេកទេសបើកបរ និងការថែទាំ។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានផ្តាំផ្ញើរការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វរសេនីយ៍ឯកពិសេស ថាំង ហាវ (Tang Hao) ប្រធានការិយាល័យអនុព័ន្ធយោធា នៃស្ថានទូតចិនប្រចាំកម្ពុជា ដែលបានចាត់តាំងឲ្យ ក្រុមអ្នកជំនាញបច្ចេកទេស នៃមជ្ឈមណ្ឌលជួសជុលរថយន្ត វ័នរ៉ូដ ចុះមកពិនិត្យមើលរថយន្តសេរីទំនើបទាំងនេះ មុននិងធ្វើការបណ្តុះបណ្តាលដល់បងប្អូនកងទ័ពដែលជាអ្នកបើកបរ នៅកងពលតូចដឹកជញ្ជូនលេខ៩៩។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍ថា រថយន្តចំនួន១១៥គ្រឿ ដែលក្រសួងការពារជាតិកម្ពុជាបានប្រគល់ឲ្យកងពលតូចដឹកជញ្ជូនគ្រប់គ្រង និងរក្សាទុកនេះ គឺសុទ្ធតែជារថយន្តសេរីទំនើប ត្រៀមដើម្បីជួយគាំទ្រដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទាមទាឲ្យមានការបណ្តុះបណ្តាលបន្ថែមពីបច្ចេកទេសបើកបរ និងការថែទាំរថយន្តដើម្បីធានាដល់ការបំពេញភារកិច្ចប្រកបដោយសុវត្ថិភាព និងជោគជ័យជូនថ្នាក់ដឹកនាំ។

ក្នុងនោះដែរបន្ទាប់ពីបានដើរពិនិត្យមើលរថយន្តសេរីទំនើបទាំងនោះរួចរាល់ហើយ ក្នុងអ្នកជំនាញបច្ចេកទេសនៃអនុព័ន្ធយោធា ស្ថានទូតចិនប្រចាំកម្ពុជា និងពិភាក្សាគ្នាជាមួយក្រុមអ្នកបច្ចេកទេសកងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីកំណត់ថ្ងៃបណ្តុះបណ្តាលដល់ក្រុមអ្នកបើកបររថយន្តកងពលតូចដឹកជញ្ជូនលេខ៩៩។ ការបណ្តុះបណ្តាលគឺផ្តោតសំខាន់៣ចំណុចធំៗ គឺទី១-Options រថយន្តសេរីថ្មីទាំងនេះ, ទី២-ការថែទាំរថយន្ត និងទី៣-ការជួសជុលរថយន្ត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ ក្រសួងការពារជាតិកម្ពុជា-ចិន បានរៀបចំពិធីប្រគល់ និងទទួលរថយន្ត សេរីទំនើបចំនួន១៥០គ្រឿង និងសម្ភារៈការិយាល័យមួយចំនួន ដែលជាជំនួយឥសំណងរបស់ក្រសួងការពារជាតិសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិជាតិកម្ពុជា ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅវិមានឈ្នះឈ្នះ ។ ក្នុងនោះដែរដោយមានការជឿជាក់ និងទុកចិន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចប្រគល់។

រថយន្តសេរីទំនើបចំនួន ១១៥គ្រឿង ឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ គ្រប់គ្រងនិងរក្សាទុក ដើម្បីត្រៀមជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ៕

To Top