ព័ត៌មានជាតិ

អត់លុយបុណ្យភ្ជុំ បែកគំនិតលួចម៉ូតូមិនបានសំរេច ត្រូវពលរដ្ឋ និងសមត្ថកិច្ចចាប់បាន នៅស្រុកកំពង់រោទិ៍

ស្វាយរៀង ៖ ចោលស្ទើរភ្លើងម្នាក់ដាច់ចិត្ត ចេញលួចម៉ូតូរបស់ប្រជាពលរដ្ឋ ដោយសារអត់លុយបុណ្យភ្ជុំវេនទី៨ ត្រូវពលរដ្ឋនិងសមត្ថកិច្ច ពទ្ធ័ចាប់បានកាលពីវេលា ម៉ោង៨និង១៥នាទីនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅភូមិត្រពាំងស្មាច់ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថាមានករណីចោរកាច់សោម៉ូតូ របស់ពលរដ្ឋម្នាក់ឈ្មោះភី មានមុខទិញគោ លក់គោ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ចំណែកជនសង្ស័យមានឈ្មោះតុង សុខា អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ 

ប្រភពបានបន្តថា នៅមុនពេលកើតហេតុការណ៍នេះឡើង ម្ចាស់ម៉ូតូ ឈ្មោះភី បានមកព្រាចជីស្រូវនៅវាលខាងកើតភូមិ ឃើញឱកាសល្អ ជនសង្ស័យជាចោរនេះ បានចូលទៅកាច់ករម៉ូតូ តែត្រូវបងប្អូនប្រជាពលរដ្ឋឃើញទាន់នាំគ្នាដេញតាមចាប់ជាប់ប្រគល់ឱ្យសមត្ថកិច្ចធ្វើការសាកសួរ។

បច្ចុប្បន្ន សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងតែសួរចម្លើយ សមត្ថកិច្ចក៏សូមសំណូមពរដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នទុកដាក់ម៉ូតូ នៅតាមវាលស្រែ ដែលជាហេតុធ្វើឲ្យជនឆ្លៀតឱកាសកាច់ករយក ដែលនាំឱ្យពិបាកដល់សមត្ថកិច្ចក្នុងការគ្រប់គ្រង។

ពាក់ព័ន្ធនឹងករណីនេះដែរ បើតាមចម្លើយរបស់ជនសង្ស័យបាន សារភាពថា ខ្លួនបានលួចម៉ូតូរបស់ប្រជាពលរដ្ឋចំនួន៣ដងរួចមកហើយ បានសម្រេចតែម្ដងគត់ ដល់លើកចុងក្រោយត្រូវប្រជាពលរដ្ឋឃើញទាន់ចាប់ខ្លួនឲ្យសមត្ថកិច្ចតែម្ដង។ជនសង្ស័យបានសារភាពទៀតថា ដោយសារតែអត់លុយបុណ្យភ្ជុំវេនទី៨ ទើបខ្លួនចេញលួចម៉ូតូរបស់អ្នកស្រុកម្ដងទៀត តែជាប់ខ្នោះ ដោយសារពលរដ្ឋឃើញទាន់៕

To Top