ព័ត៌មានជាតិ

តំណាងលោកស្រី ម៉ែន សំអន ប្រគេនទេយ្យទាន និងបច្ច័យ ចំនួន២វត្ត នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្នុងឪកាសបិណ្ឌទី៨

ស្វាយរៀង ៖ លោកបណ្ឌិត កែរ រដ្ឋា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២ បានដឹកនាំក្រុមការងារ រួមជាមួយក្រុមប្រឹក្សាគណបក្សសង្កាត់ស្វាយរៀង សាខាបក្សភូមិ ប្រគេនទេយ្យទាន និងសម្ភារៈបុណ្យកាន់បិណ្ឌចំនួន២វត្ត នៅក្នុងសង្កាត់ស្វាយរៀង។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងនូវការសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្ហហបណ្ឌិតម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀងដែលជានិច្ចការលោកស្រី តែងតែនឹករលឹកដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀងផងដែរ។

លោកបណ្ឌិត បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ រួមនិងប្រជាពលរដ្ឋ ព្រះសង្ឃ ក្នុងមូលដ្ឋានសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងទាំងមូល ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងដំណើរកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ រក្សាបាននូវស្ថេរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ធានាបាននូវ សុខសុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយជីវភាពសមរម្យផងដែរ។

លោកបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានឣភិវឌ្ឍប្រទេសឱ្យរីកចំរើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស និងទទួលបាននូវសុខសន្តិភាពយ៉ាងពេញ លេញទូទាំងប្រទេស ដោយសម្តេចតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋជានិច្ច ក្នុងពេលជួបប្រទះបញ្ហាផ្សេងៗដោយមិនព្រងើយកន្តើយឡើយ។ ភាពរីកចម្រើនរបស់ប្រទេសជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងក្ដីសប្បាយរីករាយ និងលូតលាស់រីកចម្រើនទាំងអស់ដូចសព្វថ្ងៃនេះ គឺផ្ដើមចេញនូវមូលដ្ឋានគ្រឹះ នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះលោកបណ្ឌិត ក៏បានអំពាវនាវឲ្យអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សជាអមតៈ ដើម្បីបន្តការងារអភិវឌ្ឍន៍ឲ្យរីកចម្រើន ជាបន្តបន្ទាប់ទៀត ជាពិសេសត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលមាននៅមូលដ្ឋានឲ្យអស់ ស្របតាមប្រសាសន៍របស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយចូលរួមគោរព និងអនុវត្តឲ្យបានមុឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

សូមបញ្ជាក់ថាទេយ្យទាន និងសម្ភារៈក្នុងមួយវត្តៗទទួលបាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ និងប្រគេនបច្ច័យចូលរួមបុណ្យកាន់បិណ្ឌមួយវត្តៗ ចំនួន ១.០០០.០០០រៀល ។ដោយឡែក ក្រុមការងារចុះជួយសង្កាត់ស្វាយរៀង ចូលរួមកាន់បិណ្ឌទាំង២វត្តចំនួន ១.០០០.០០០រៀល និងជូនតាអាចារ្យ តាជី យាយជី កងកំលាំងការពារ ថវិកា ៧២០.០០០រៀល រីឯក្រុមប្រឹក្សាគណបក្សសង្កាត់ សាខាបក្សភូមិ ចូលរួមកាន់បិណ្ឌទាំង២វត្តចំនួន ២៧០.០០០រៀលផងដែរ៕

To Top