ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ ស្រ្តីជាប់ចោទម្នាក់ ដែលជាប់គុក អស់ មួយជីវិត ជាប់ពាក់ព័ន្ធនឹងការ ជួលកូនធម៌ សម្លាប់ប្តីខ្លួនឯង ពីព្រោះខឹងលួចមានប្រពន្ធចុងក្មេង !!

ភ្នំពេញ: តុលាការកំពូលកាលពី ព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២ នេះ បានធ្វើការជំនុំជម្រះ លើ បណ្តឹងសារទុក្ខ របស់ស្រ្តីជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការ សមគំនិត ជាមួយនឹងយុវជនជាប់ទោស ម្នាក់ ដែលត្រូវជាកូនធម៌ ក្នុងការ សម្លាប់ប្តីខ្លួន ដោយសារតែ ខឹងនឹងជនរងគ្រោះ លួចមានប្រពន្ធចុង ក្មេង ជានារីរោងចក្រ នៅរាជធានីភ្នំពេញ និង មិននឹកនា ដល់ខ្លួន និង កូនៗ ដែលរស់នៅឯ ខេត្តព្រៃវែង
ប្រព្រឹត្តកាលពី អំឡុងខែ តុលា ឆ្នាំ ២០១៦។

លោក ឃឹម ប៉ុណ្ណ  ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានអោយដឹងថា ពិរុទ្ធជន រូបនេះ មានឈ្មោះ សៅ សំអឿន ភេទស្រី អាយុ ៥២ ឆ្នាំ ( ត្រូវជាប្រពន្ធជនរងគ្រោះ ) ។ និង ម្នាក់ទៀតឈ្មោះ សូ ផា ភេទប្រុស អាយុ ៣៤ ឆ្នាំ ( ត្រូវជាកូនធម៌ ) ។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ កៅ ផា ភេទ ប្រុស អាយុ ៥០ ឆ្នាំ មុខ របរ រត់តាក់ស៊ី រស់នៅភំ្នពេញ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ២១ ខែ សីហា ឆ្នាំ ២០១៨ បានកាត់ទោស ជនជាប់ចោទ ឈ្មោះ សូ ផា ដាក់គុក កំណត់ អស់មួយជីវិត ពីបទ: ឃាតកម្មគិតទុកជា តាមមាត្រា ២០០  នៃក្រមព្រហ្មទណ្ឌ ។

តុលាការរាជធានីភ្នំពេញ ក៏បាន កាត់ទោស ជនជាប់ចោទ
ឈ្មោះ សៅ សំអឿន ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ផងដែរ ពីបទ: សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

ពួកគេ ប្តឹងរឧទ្ទរណ៍។ តែសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់របស់ពួកគេ រក្សាទុកនៅដដែល។

ឈ្មោះ សៅ សំអឿន ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។ តែ ឈ្មោះ សូ ផា មិនបានប្តឹងសារទុក្ខនោះទេ។

ពួកគេត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ១៤ ខែ តុលា ឆ្នាំ ២០១៦។

នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ សៅ សំអឿន បានទទួលស្គាល់កំហុស ដែលបានជួលកូនធម៌ ឈ្មោះ សូ ផា ដើម្បីឲ្យវាយប្រមាន ជនរងគ្រោះ ដោយសារតែខ្លួនខឹងនឹងជនរងគ្រោះ
លួចមានប្រពន្ធចុងក្មេង និង តែងតែយកលុយពីផ្ទះ ដើម្បីយកទៅចិញ្ចឹម និង ផ្គត់ផ្គង់ប្រពន្ធចុង ភ្លេចប្រពន្ធ និង កូនៗ។

តែ ឈ្មោះ សៅ សំអឿន បាននិយាយថា: នាងមិនបានសម្លាប់ ជនរងគ្រោះ ដែលត្រូវជាប្តីនោះទេ។

ជនជាប់ជាប់ចោទ បានសំណូមពរ ដល់ តុលាការកំពូល មេត្តា ជួយ បន្ធូរបន្ថយទោស ដល់គាត់ ខ្លះៗ ផង។

តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ខាងមុខ នេះ ៕ដោយ: លីហ្សា

To Top