ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បន្តមានការប្រុងប្រយត្ន័ចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្រ្តនៃតំបន់ជាប់ជួរភ្នំ , ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្រ្តជាប់ព្រំដែនថៃ ។

ការអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ននេះ ដោយសារក្រសួងបានធ្វើការព្យាករថា ចាប់ពីថ្ងៃ២១-២៧កញ្ញាកម្ពុជា នឹងមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងអាចមានជំនន់ទឹកភ្លៀង ក្រោយពីសម្ពាធខ្ពស់ នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា ។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតីក៏បក់ក្នុងល្បឿនពីខ្សោយទៅបង្គួរផងដែរ៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									