ព័ត៌មានជាតិ

កម្ពុជា ចង់សម្រួលឱ្យពលរដ្ឋថៃ រស់នៅខេត្តជាប់ព្រំដែន មកទស្សនាខេត្តសៀមរាប

ភ្នំពេញ ៖ គណៈកម្មការ អន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅច្រកទ្វារព្រំដែន អន្តរជាតិ និងច្រកទ្វារអន្តរជាតិ ទូទាំងប្រទេស (គ.អ.ច.ទ.) បានលើកឡើង ពីយោបល់ទាក់ទាញពលរដ្ឋថៃ ដែលរស់នៅខេត្ត ជាប់ព្រំដែនកម្ពុជា ឱ្យចូលមកទស្សនាខេត្តសៀមរាប ពិសេសរមណីយដ្ឋានអង្គរ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍។

ការលើកឡើងនូវសំណើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។

លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធាន គ.អ.ច.ទ. បានឱ្យដឹងនាក្រោយកិច្ចប្រជុំថា លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីយោបល់មួយ គឺសំណើស្នើទៅកាន់រាជរដ្ឋាភិបាល ដើម្បីអនុញ្ញាត ឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែន)។ ឧទាហរណ៍ ពលរដ្ឋថៃ ដែលរស់នៅខេត្តស្រះកែវ ពេលចូលមក ខេត្តបន្ទាយមានជ័យ ហើយអាចចូលមកខេត្តសៀមរាប, អ្នកនៅខេត្តសុរិន្ទ្រពេលចូលមកខេត្តឧត្តរមានជ័យ អាចចូលមកខេត្តសៀមរាបទៀតបាន ។

លោក ហោ សារុន បានថ្លែងថា «ប្រជាពលរដ្ឋថៃ ខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។

លោក បានបន្តថា ប្រសិនបើការអនុវត្តយ៉ាងដូច្នេះ កម្ពុជានឹងទទួលបានផលចំណេញបន្ថែម ពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនា ដោយផ្ទាល់របស់ភ្ញៀវទេសចរ ដែលជាប្រជាពលរដ្ឋថៃរស់នៅ តាមខេត្តជាប់ព្រំដែនកម្ពុជា។

សូមរំលឹកថា បច្ចុប្បន្នកម្ពុជា-ថៃ កំពុងអនុវត្តការអនុញ្ញាតឱ្យមានការចេញ/ចូល រវាងប្រជាជន ដែលរស់នៅជាប់ព្រំដែនទាំងសងខាង។ ប្រជាជនដែលកាន់បណ្ណព្រំដែន អាចឆ្លងកាត់ព្រំដែន បានដោយមិនចាំបាច់ មានលិខិតឆ្លងដែនឡើយ ។ ដើម្បីទទួលបានបណ្ណព្រំដែននេះ ប្រជាពលរដ្ឋគ្រាន់តែមានអត្តសញ្ញាណបណ្ណ គឺអាចស្នើសុំបណ្ណព្រំដែននេះបាន ៕

To Top