ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក និងគណៈប្រតិភូអមដំណើរ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង លោកនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅមុនដំណើរនិវត្តន៍ មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ នៅរាជធានីបាងកក។

ក្នុងជំនួបនេះ លោក ប្រាយុទ្ធ ចន្ទអូចា បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះ លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមជាមួយនឹងការផ្តាំផ្ញើ សាកសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ យោធារវាងប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អ រវាងបណ្តាប្រភេទទ័ពទាំងបីគ្រប់កម្រិត ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងយូរអង្វែង។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ ចំពោះដំណើរការដោយជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) កាលពីខែមិថុនា កន្លងទៅនេះ និងបានបញ្ជាក់ផងដែរ អំពីការគាំទ្រចំពោះការបំពេញតួនាទី ជាប្រធានអាស៊ានរបស់កម្ពុជា ដោយរាប់ទាំងវិធានការនានា នៅក្នុងការដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា ព្រមជាមួយនឹងការជូនពរ ឱ្យកម្ពុជាបន្តសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តម និងមានសារៈសំខាន់នេះ រហូតដល់ចុងបញ្ចប់ឆ្នាំ២០២២។

ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណ ចំពោះការគាំទ្រដល់ការបន្តពង្រឹង កិច្ចសហប្រតិបត្តិយោធា នៃប្រទេសទាំងពីរ ដែលកាន់តែបន្តរីកចម្រើនទៅមុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈ សមិទ្ធផលសំខាន់ៗ ដែលកងទ័ពជើងគោកទាំងពីរ សម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងកិច្ចសហការល្អ រវាងបណ្តាកងឯកភាពជួរមុខ នៅតាមបណ្តោយព្រំដែន, ការភ្ជាប់ទំនាក់ទំនង រវាងអង្គភាពថ្នាក់យុទ្ធវិធី និងរវាងយោធិនជាលក្ខណៈបុគ្គល ដើម្បីជួយពង្រឹងដល់ការ កសាងទំនុកចិត្តតាមរយៈការបង្កើនមនោសញ្ចេតនា ស្គាល់គ្នាទៅវិញទៅមកឱ្យបានស្អិតរមួត។ ជាងនេះទៀត ការភ្ជាប់ទំនាក់ទំនងលើផ្នែកហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស គឺមិនត្រឹមតែធ្វើឡើងសម្រាប់ ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

មួយវិញទៀត លោក មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានលើកឡើងផងដែរ អំពីការខិតខំចូលរួមចំណែក របស់កងកម្លាំងនៃប្រទេសទាំងពីរ ក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កលក្ខណៈ ដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែក យ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពថៃ ដែលបានផ្តល់ការជួយ ឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលយ៉ាងកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋខ្មែរដែល រស់នៅតាមបណ្តោយព្រំដែន ព្រមទាំងប្រជាពលករខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលមានការ រាតត្បាតនៃជំងឺកូវីដ-១៩ ៕
