ព័ត៌មានជាតិ

ឆ្នាំ២០២២ កម្ពុជា រំពឹងមានកំណើនសេដ្ឋកិច្ច៥,៤% ទោះបីសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កំពុងប៉ះពាល់សេដ្ឋកិច្ចពិភពលោក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២២នេះ កម្ពុជារំពឹងនឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,៤% ជាមួយនឹងអត្រាអតិផរណាប្រមាណ ៥% ទោះបីជាសង្គ្រាមរវាង រុស្ស៊ី- អ៊ុយក្រែន កំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ដោយ។

តាមរយៈសារលិខិត ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ នាថ្ងៃទី២១ កញ្ញា នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាពេលថ្មីៗនេះ កម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ដោយសារតែការអនុវត្តគោលនយោបាយមានប្រសិទ្ធភាព ទាន់ពេលវេលា និងចំទិសដៅ ជាពិសេស «យុទ្ធនាការស្រោចវ៉ាក់សាំង» ទូទាំងប្រទេសដោយពុំគិតថ្លៃ។

សម្ដេចតេជោ បន្ដថា មកដល់ពេលនេះ ប្រជាពលរដ្ឋ និងប្រជាជនគ្រប់ជាតិសាសន៍ទាំងអស់ ដែលកំពុងស្នាក់នៅ និងបំពេញ ការងារក្នុងព្រះរាជាណាចក្រកម្ពុជាចំនួនជិត ៩៥% ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស។ សម្ដេច ថា ការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមស្តារសេដ្ឋកិច្ច-សង្គម និងបើកប្រទេសឡើងវិញ។

សម្ដេចតេជោ បានបញ្ជាក់ថា «នៅក្នុងឆ្នាំ ២០២២នេះ កម្ពុជារំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,៤% ជាមួយនឹងអត្រាអតិផរណាប្រមាណ ៥% ទោះបីជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បាននិងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងតំបន់ក៏ដោយ។ ដោយសារភាពជោគជ័យទាំងនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ លេខ១ ក្នុងចំណោម ១២១ ប្រទេស ដែលកំពុងស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩»។

សម្ដេចតេជោ បន្ថែមថា ក្នុងស្មារតីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព កម្ពុជាបាននិងកំពុងចូលរួមយ៉ាង សកម្មជាមួយគ្រប់ប្រទេសទាំងអស់នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២២នេះ កម្ពុជាបាននិងកំពុងដឹកនាំអាស៊ានឆ្លងកាត់បញ្ហាប្រឈមធំៗព្រមគ្នាដ៏ ច្រើនមិនធ្លាប់មានពីមុនមក។ ក្នុងបរិបទនេះ កម្ពុជាបានកំណត់យកមូលបទ «អាស៊ានរួមគ្នធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ ព្រមទាំងបន្ត កសាងសហគមន៍អាស៊ាន លើកកម្ពស់មជ្ឈអាស៊ានក្នុងការកសាងនិម្មាបនកម្មតំបន់ និងពង្រីកកិច្ច សហប្រតិបត្តិការជាមួយដៃគូនានា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង និងក្រៅតំបន់អាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ដោយសារសន្តិភាព ការរួបរួមជាធ្លុងមួយ និងសុខដុមនីយកម្មរវាងប្រទេសជាសមាជិក អាស៊ានជាមូលដ្ឋានដ៏មានសារៈសំខាន់ជាសារវន្ត កម្ពុជាបានប្រឹងប្រែងជួយស្វែងរកដំណោះ ស្រាយវិបត្តិមីយ៉ាន់ម៉ា ដោយផ្អែកលើអភិក្រមជាក់ស្ដែងនិយម តាមរយៈការអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច របស់អាស៊ាន ដើម្បីជួយឱ្យ មីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ ក៏ដូចជាអនុញ្ញាតឱ្យអាស៊ានវិលត្រឡប់ទៅរកការរួបរួមរវាងសមាជិកទាំង ១០ វិញ៕

To Top