ព័ត៌មានជាតិ

ADB ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ នៅកម្រិត៥.៣%

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់កម្ពុជានៅកម្រិត៥.៣% ក្នុងឆ្នាំ២០២២ បន្ទាប់ការព្យាករឆ្នាំ២០២៣ មកនៅត្រឹម៦.២% ពី៦.៥% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាពេលថ្មីៗនេះ បានបញ្ជាក់ថា យោងតាមការធ្វើបច្ចុប្បន្នភាព នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ ចេញផ្សាយនៅថ្ងៃ២១ កញ្ញា គឺការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើងរបស់កម្ពុជា នៅតែរឹងមាំ ជាមួយកំណើន ៣៩.៨% ក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានការថយចុះនៃ កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និង អឺរ៉ុបក៏ដោយ។ វិស័យកម្មន្តសាលមិនមែនកាត់ដេរ បានបន្តសន្ទុះកំណើនដ៏រឹងមាំ។ វិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗ ជាមួយការនាំចូលសម្ភារសំណង់កើនឡើង ២២.៨%។ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងកើនឡើង ៩.១% នៅឆ្នាំនេះ មុនពេលថយមកត្រឹម ៨.៦% នៅឆ្នាំ ២០២៣ ដោយសារការចុះខ្សោយនៃតម្រូវការ ក្រៅស្រុក។

នាយិកា ADB ប្រចាំកម្ពុជា លោកស្រី Jyotsana Varma បានថ្លែងថា «ការកើនឡើង នៃការនាំចេញផលិតផល កម្មន្តសាលរបស់កម្ពុជា និង ការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និង សេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ច នៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យ កសិកម្មដែលបណ្តាលមកពីការកើនឡើង នៃថ្លៃប្រេងឥន្ធនៈ និង ជី និង ភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការកើនឡើងថ្លៃទំនិញលើពិភពលោក សម្រាប់ពលរដ្ឋក្រីក្រ»។

របាយការណ៍ខាងលើ បានដំឡើងការព្យាករអតិផរណា ឆ្នាំ២០២២ របស់កម្ពុជាទៅ៥.០% ពីការព្យាករ៤.៧% ក្នុងខែមេសា ដោយសារឥទ្ធិពលរាលដាល នៃការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលបណ្តាល មកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការព្យាករអតិផរណាសម្រាប់ឆ្នាំ២០២៣ ត្រូវបានរក្សាទុកនៅ ២.២%។ ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមាន ការលេចឡើងនៃមេរោគកូវីដ១៩ប្រភេទថ្មី និងជំងឺអុតស្វា កំណើនឆាប់រហ័សនៃកម្ចីមិនដំណើរការ កំណើនសេដ្ឋកិច្ចនៃ ដៃគូពាណិជ្ជកម្មសំខាន់ៗមានភាពកាន់ តែទន់ខ្សោយ ការរំខាននានាដល់ខ្សែសង្វាក់ ផ្គត់ផ្គង់ជាសកល និង ការកើនឡើងនៃថ្លៃថាមពលនិងទំនិញ នានាដែលអាចអាក្រក់ជាងការរំពឹងទុក។

ការគាំទ្ររបស់ ADB ដល់កម្ពុជា គឺស្របទៅនឹងអាទិភាព កំណើនរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោង វិនិយោគដែលមានទឹកប្រាក់ ២.៤៣ ពាន់លានដុល្លារនៅកម្ពុជា។ នៅឆ្នាំ២០២១ ADB បានសន្យាផ្តល់ប្រាក់កម្ចី និងជំនួយសម្រាប់ស្ថាប័នរដ្ឋចំនួន ៣២៧.១លានដុល្លារ ហើយបានកៀគរបន្ថែម៥លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់កម្ពុជា។ ប្រាក់កម្ចីត្រៀមរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០២២-២០២៥ រួមមានការផ្តល់កម្ចីសម្បទានចំនួន១.១៧ពាន់លានដុល្លារ និង ជំនួយចំនួន ៤៣.៩ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេស និងការស្តារឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩៕

To Top