ព័ត៌មានជាតិ

បារាំង បន្តរក្សាកិច្ចប្រតិបត្តិការហិរញ្ញប្បទាន ក្នុងទំហំឥណទានប្រចាំឆ្នាំពី ១០០-១២០លានអឺរ៉ូ សម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ លោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (The Agence Francaise de Développement-AFD) ថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០-១២០ លានអឺរ៉ូ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩។

ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២០ កញ្ញា លោក Jean-Pierre Marcel បានសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងទទួលបានកំណើន សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈម នឹងវិបត្តិសេដ្ឋកិច្ច បណ្ដាលមកពីការរីករាលដាល នៃជំងឺកូវីដ-១៩ និងសង្គ្រាមរវាង វ៉ូស្ស៊ី-អ៊ុយក្រែន ។

លោក បានវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព និងចាប់ផ្តើមបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស និង បានគូសបញ្ជាក់ផងដែរថា AFD នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើន ទំហំហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់កម្ពុជាឱ្យស្របទៅនឹង បរិការណ៍បច្ចុប្បន្ន។

លោក Jean-Pierre Marcelli បានគូសបញ្ជាក់ថា «រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០-១២០ លានអឺរ៉ូ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់៣ រួមមាន៖ ១-ការអភិវឌ្ឍដែលបន្សំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ទី២-ការចូលរួមបង្កើតការងារ និងកំណើនសេដ្ឋកិច្ច និងទី៣-ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ»។

នាឱកាសនោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ តាមរយៈ AFD សាធារណរដ្ឋបារាំង បានផ្តល់ហិរញ្ញប្បទាន សរុបប្រមាណ ៨៨៨ លានអឺរ៉ូ ដល់កម្ពុជា ក្នុងនោះមាន ឥណទានសម្បទានចំនួន ៥៣៣ លានអឺរ៉ូ និងហិរញ្ញប្បទាន ឥតសំណងចំនួន ១៧៨ លានអឺរ៉ូ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវជនបទ ធារាសាស្ត្រ កសិកម្មទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល។

លោក បន្ដថា ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បានឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ និងទាន់ពេលវេលា ស្របតាមកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស បានអនុលោមទៅនឹងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ, យុទ្ធសាស្ត្រចតុកោណ, យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ, ក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ និងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២ – ២០២៤ ជាដើម៕

To Top