ព័ត៌មានជាតិ

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សាងសង់​សម្រេចបានស្ទើរតែ១០០%​ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ពេញមួយខែតុលា

ភ្នំពេញ​ ៖​ លោក​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា​ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ដែលជា សរសៃឈាមសេដ្ឋកិច្ចថ្មី នៅភាគនិរតីនៃកម្ពុជាសាងសង់សម្រេចបានស្ទើរតែ១០០%​ដែលនឹង​ដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃពេញមួយខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

នាឱកាសអញ្ជើញចុះពិនិត្យការងារត្រៀមរៀបចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ នាថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២២​ លោក​ ស៊ុន​ ចាន់ថុល​ បានគូសបញ្ជាក់ឱ្យដឹងថា​ “គម្រោងការងារសាងសង់ផ្លូវល្បឿនលឿនសម្រេចបានស្ទើរតែ ១០០%ហើយ លឿនជាងផែនការគ្រោងទុករហូតដល់ទៅ០៨ខែ ហើយការងារដែលនៅសេសសល់មួយចំនួននឹងត្រូវបញ្ចប់ឱ្យបានរួចរាល់នាពេលដ៏ខ្លីខាងមុខនេះ”។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួន ដែលបងប្អូនប្រជា ពលរដ្ឋគួរយល់ដឹង ដើម្បីឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនថ្មី និងដំបូងគេបង្អស់របស់កម្ពុជានេះ ប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ ជារួមមានដូចជា៖ របៀបប្រើប្រាស់គន្លងផ្លូវ ល្បឿនបើកបរដែលបានកំណត់ ប្រភេទយានយន្ត ដែលអនុញ្ញាតឱ្យបើកបរបាន ទីតាំងបញ្ជរបង់ប្រាក់ និងច្រកចេញចូល ក៏ដូចជារបៀបនៃការវ៉ាជែងផងដែរ។ ចំណែឯទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឬ២៧kw ឡើង មានបំណងបើកបរលើផ្លូវល្បឿនលឿន គឺត្រូវបានតម្រូវឱ្យស្នើសុំស្លាកសញ្ញាសម្រាប់បិទបញ្ជាក់ (Sticker) ពីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមុន។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងដែរអំពីរបៀបនៃការទូទាត់សេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ តាមរយៈការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច ETC ក្រោយដំណើរការសាកល្បង។ ក្រសួង និងក្រុមហ៊ុនកំពុងសហការរៀបចំប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈសាមញ្ញសម្រួលដល់បងប្អូនប្រជាពលរដ្ឋអាចធ្វើការបង់ប្រាក់ជាមុន និងប្រើប្រាស់ផ្លូវល្បឿនលឿន ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីស្មុគស្មាញ និងមិនចាំបាច់តម្រូវឱ្យចេះប្រើប្រព័ន្ធបច្ចេកវិទ្យាឡើយ។ រីឯការបង់ប្រាក់ នឹងអាចធ្វើបានជាមួយជម្រើសសំបូរបែប គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។ បច្ចេកវិទ្យានេះក៏នឹងសម្រួលដល់ការចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ ចំណាយពេលយូរនៅច្រកចេញចូលឡើយ។ ដើម្បីចូលទៅកាន់ផ្លូវល្បឿនលឿនបាន បងប្អូនដែលជាអ្នកបើកបរត្រូវប្រើប្រាស់យានយន្តបានចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅក្នុងសុពលភាពឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដែលកំណត់ដោយក្រសួង ដើម្បីធានាបានសុវត្ថិភាពចរាចរណ៍ ព្រមទាំងកាត់បន្ថយបទល្មើសនានា។

សូមជម្រាបជូនថា​ បន្ទាប់ពីចំណាយពេលជាង៤០ខែក្នុងការសាងសង់ ផ្លូវល្បឿនលឿនថ្មី និងដំបូង បំផុតក្នុងព្រះរាជាណាចក្រកម្ពុជា បានលេចចេញជារូបរាងឡើងយ៉ាងប្រត្យក្ស និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ស្វាគមន៍អ្នកដំណើរក្នុងការសាកល្បងប្រើប្រាស់ និងទទួលយកបទពិសោធន៍ថ្មីនៃការបើកបរ។ ផ្លូវល្បឿនលឿនដែលតភ្ជាប់ពី“រាជធានីភ្នំពេញ” ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត “ក្រុងព្រះសីហនុ” មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តភ្ជាប់ពីសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង៕

To Top