ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានជំរុញឱ្យលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ត្រូវហ៊ានប្រើដាវ (សិទ្ធអំណាច) ដែលទទួលបានពីរាជរដ្ឋាភិបាល ក្នុងការចុះបង្រ្កាបទីតាំង រកស៊ីខុសច្បាប់ នៅទូទាំងភូមិសាស្រ្ត រាជធានីភ្នំពេញ។
ក្នុងន័យនេះ លោក សយ សុភាព ពោលពាក្យថា «បើមិនហ៊ានមិនមែនហៅថាលោក ឃ្លាំង ហួតទេ»។
ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពី លោក ឃ្លាំង ហួត បានបង្ហោះនូវរូបថតពីរសន្លឹក ដោយភ្ជាប់ជាមួយខ្លឹមសារយ៉ាងខ្លីថា «👉 សមប្រកាសថា ឃ្លាំង រំសេវ មិនជាប់សាច់ញាតិខ្ញុំទេ ។
🙏🙏🙏 ពខ្ញុំ ឃ្លាំង ហួត ហៅពូមេភូមិ»។
នៅលើគនណីហ្វេសប៊ុក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា “បើមិនជាប់សាច់ញាតិទេ បង្រ្កាបទៅបើរកឃើញ កន្លែងណាអត់ច្បាប់អនុញ្ញាត”។
លោក សយ សុភាព បញ្ជាក់ថា “បានដាវរួចហើយ ហ៊ានឬមិនហ៊ាន បើមិនហ៊ានមិនមែនហៅថាលោក ឃ្លាំង ហួតទេ” ។
លោកបន្ថែមថា ពីមុនទទួលត្រឹមខណ្ឌ ឥឡូវដល់ក្រុងហើយ មានវិសាលភាពធំជាមុន ហើយអំណាចក៏លេចធ្លោដែរដូច្នេះត្រូវតែ…ព្រោះអតីតដែនដី របស់លោក (ឃ្លាំង ហ៊ួត) ធ្លាប់គ្រប់គ្រងទេ ខណ្ឌទទួលគោក។
សូមរំលឹកថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានដាក់បញ្ជាយ៉ាងមឺុងម៉ាត់ និងដាច់ខាត ឱ្យអភិបាលរាជធានី ខេត្ត ទាំងអស់ត្រូវចុះបង្ក្រាបទីតាំងបើករកស៊ីខុសច្បាប់ និងល្បែងអនឡាញគ្រប់ប្រភេទ នៅទូទាំងប្រទេស ក្នុងនោះសម្ដេចក៏បានព្រមានដកតំណែង តួនាទី ចំពោះមន្រ្តីណាមិនទទួលខុសត្រូវ លើដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕