ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីអបអរសាទរ ការប្រកាសជាផ្លូវការថាជាទីក្រុង អស់មីន នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលជាដែនដីទី៣ បន្ទាប់ពីខេត្តកែប និងខេត្តព្រៃវែង ។
ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ កាលពី៤៣ឆ្នាំមុន គឺជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀស ទៅជនបទគ្មានសល់ អ្វីៗត្រូវបានកំទេច រាប់ទាំងជីវិតមនុស្ស។
លោកបន្តទៀតថា រាជធានីភ្នំពេញ បានឆ្លងកាត់ភ្លើងសង្គ្រាម និងឧបសគ្គជាច្រើន ទំរាំបានដូចសព្វថ្ងៃនេះ។ សង្គ្រាមឈ្លប និងចលនាឧទ្ទាម បានបង្កអសន្តិសុខសង្គម ព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះរាប់លានគ្រាប់ ពាសពេញផ្ទៃប្រទេស ដែលបានឆក់យកជីវិត ឬបង្កឲ្យមានពិការភាព ដល់ប្រជាពលរដ្ឋ រហូតដល់សព្វថ្ងៃ ដែលបង្កឡើង ដោយផលលំបាកនៃសង្គ្រាម និងគ្រាប់មីន។
លោកអភិបាលរង បានបន្តទៀតថា ផ្អែកតាមទិន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញ មានចំការមីនចំនួន១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ម៉ែត្រការ៉េ ដែលមានខណ្ឌចំនួន៤គឺខណ្ឌ៖ជ្រោយចង្វា, ព្រែកព្នៅ, ពោធិសែនជ័យ និងខណ្ឌសែនសុខ។ អ្វីដែលគួរឲ្យសោកស្តាយជាទីបំផុតនោះ គឺគិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានអ្នករងគ្រោះសរុបចំនួន២០៤នាក់ ក្នុងនោះបាត់បង់អាយុជីវិតចំនួន៧២នាក់, ពិការ៥នាក់ និងរបួសចំនួន១២៧នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គម ចាំបាច់ត្រូវបន្តខិតខំដោះស្រាយ និងជាកត្តារាំងស្ទះ ដល់ការអភិវឌ្ឍន៏ទីក្រុងរបស់យើង។
ជាមួយគ្នានោះ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន បានលើកឡើងថា ការគំរាមកំហែងដោយសារមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ គឺមានភាពស្មុកស្មាញ និងបានបន្សល់ទុក នូវទុក្ខសោកជាច្រើន ដល់ប្រជាពលរដ្ឋយើង និងបន្ទុចបង្អាក់សកម្មភាព អភិវឌ្ឍន៏របស់យើងថែមទៀត។ ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលុបបំបាត់គ្រាប់មីន ឲ្យអស់ត្រឹមឆ្នាំ២០២៥ តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនេះដែរ លោកស្រី ម៉ែន សំអន បានថ្លែងអបអរសាទរ ដល់រាជធានីភ្នំពេញ ដែលត្រូវបានប្រកាសជារាជធានីអស់មីន ក្នុងរជ្ជការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជាមូលដ្ឋានដែនដីទី៣ បន្ទាប់ពីខេត្តកែប,និងខេត្តព្រៃវែង ដែលត្រូវបានបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយ ដែលយើងបានដឹង។
លោកស្រី ក៏បានកោតសរសើរ ដល់វិរៈយុទ្ធជន យុទ្ធនារីដោះមីន ដែលបានលះបង់ដល់អាយុជីវិត ក្នុងបុព្វហេតុដោះមីនរំដោះផ្ទៃដី បង្កបង្កើនផល និងដីលំនៅដ្ឋានជូនប្រជាពលរដ្ឋ៕