ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់អង្គការយូនីសេហ្វ ថា ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យការបង្កើនថវិកាទៅថ្នាក់ក្រោមជាតិ មានភាពយឺតយ៉ាវបន្តិច។
នាឱកាសអនុញ្ញាតជូន លោកស្រី ហ្វរូហ្គ ហ្វយូហ្សិថ នាយិកាអង្គការ យូនីសេហ្វ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានក្លាយជាគោលនយោបាយស្នួល របស់រាជរដ្ឋាភិបាលកម្ពុជាហើយ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក៏បានធ្វើឱ្យការបង្កើនថវិកាទៅថ្នាក់ក្រោមជាតិមានភាពយឺតយ៉ាវបន្តិច។
យ៉ាងណាក៏ដោយ សម្ដេច ស ខេង ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំព្យាយាមពន្លឿនការងារនេះនៅបន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ បានធូរស្រាល ស្របពេលនឹងការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពកិច្ច ការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ។ សម្ដេច ក៏បានជម្រាបជូនដែរអំពីការត្រៀមខ្លួនចូលរួមកិច្ចពិគ្រោះយោបល់ជាមួយ យូនីសេហ្វ ក្នុងការរៀបចំបង្កើតផែនការកម្មវិធីថ្មី។
នាឱកាសនោះ លោកស្រី ហ្វរូហ្គ ហ្វយូហ្សិថ លើកឡើងថា អង្គការ យូនីសេហ្វ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមានគណៈកម្មាធិការទទួលបន្ទុកស្រ្តី និងកុមារនៅក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ហើយចាប់ពីឆ្នាំ២០១៨មក អង្គការ យូនីសេហ្វ ក៏បានចាប់ផ្ដើមធ្វើការដោយផ្ទាល់ជាមួយក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារស្ថិតក្រោមកម្មវិធីប្រចាំប្រទេសឆ្នាំ២០១៩-២០២៣ របស់យូនីសេហ្វ ។
នៅក្នុងការអនុវត្តគម្រោងខាងលើនេះ លោកស្រី នាយិកា បានថ្លែងថា អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានបន្តសហការអនុវត្តរហូតមកដល់សព្វថ្ងៃ ហើយសម្រាប់ការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះដែរ លោកជំទាវក៏ពិតជាមានក្ដីរីករាយយ៉ាងក្រៃលែង ដោយទទួលព័ត៌មានថា ថវិកាវិភាគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការលើកកម្ពស់សេវាសង្គម បានកើនឡើងពី ៨% ទៅ ១០%។
លោកស្រី បន្ដថា យូនីសេហ្វ នឹងបន្តគាំទ្រជាមួយក្រសួងមហាផ្ទៃ ដើម្បីបន្តជំរុញការបង្កើនថវិកាវិភាគនេះរហូតដល់ ២០%។ លោកស្រី បន្ថែមថា សព្វថ្ងៃ យូនីសេហ្វ ក៏កំពុងរៀបចំបង្កើតកម្មវិធីប្រចាំប្រទេស៥ឆ្នាំបន្តទៀតរបស់ខ្លួន ពីឆ្នាំ២០២៤-២០២៨ ដោយនឹងរៀបចំឱ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនានា ក្នុងនោះក៏មានក្រសួងមហាផ្ទៃផងដែរ៕