ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្វាគមន៏ដោយក្តីញញឹមក្នុងការបំរើបងប្អូន ប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។




រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុង ចំនួន១៧៥គ្រឿង សម្រាប់បំរើសេវាដឹកជញ្ជូនបងប្អូនរយះពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ដោយមិនបង់ប្រាក់ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។រថយន្តក្រុងទាំង១៧៥គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែកសំរាប់ដឹកជញ្ជូន ប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ តាមច្រកចេញចូលរាជធានីភ្នំពេញគឺតាមតម្រាយផ្លូវជាតិទាំង៦ ចេញទៅបណ្តាខេត្តក្រុងនានា ចំនួន១២០គ្រឿង ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តចំនួយ៥៥គ្រឿង។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកនាព្រឹកថ្ងៃទី២៣កញ្ញា នេះ បានថ្លែងថា៖ អនុវត្តតាមអនុសាសន៏របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តចំនួន១៧៥គ្រឿង ទៅ១៨០គ្រឿង ចាំដឹកបងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើតតាមបណ្តាខេត្ត ក្រុងនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយមិនយកប្រាក់ទាំងទៅទាំងមក។ នេះជាការគិតគូរបស់សម្តេចតេជោ ហ៊ុន សែនក្នុងការសម្រាលការចំណាយរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងពេលទៅលេងស្រុកកំណើតនាឧិកាសនេះ។

លោកអភិបាលរាជធានីបានបន្តថា ការអនុវត្តការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយរថយន្តក្រុងដោយមិនយកប្រាក់ ក៏ជាការរួមចំណែកកាត់បន្ថយការ តម្លើងថ្លៃរថយន្តដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន ដែលតែងតម្លើងថ្លៃធ្វើដំណើរ នៅពេលមានបុណ្យទានម្តងៗ។

លោក ឃួង ស្រេង បន្ថែមទៀតថា ភ្ជុំឆ្នាំនេះ យើងឃើញបងប្អូនប្រជាពលរដ្ឋ បានសំរុកទៅលេងស្រុកកំណើត តាមរយៈរថយន្តក្រុងដឹកអ្នកដំណើរ របស់រដ្ឋបាលរាជធានីភ្នំពេញមានសន្ទុះកើនឡើង ដោយបងប្អូនបានយល់ឃើញថា រថយន្តក្រុងដឹកអ្នកដំណើររបស់យើង ងាយស្រួលជិះ, មានផាសុខភាព ,មានសុវត្ថិភាព និងជិៈមិនបង់ប្រាក់ថែមទៀត។

ក្នុងនោះយើងបានឃើញថា តាមរយៈ លោក ឃួង ស្រេង បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោ ដែលជានិច្ចកាលតែងបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសនៅពេលប្រជាពលរដ្ឋជួប ការលំបាកគឺមានសម្តេច នៅក្បែរបងប្អូនជានិច្ច៕

