ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋ អាចធ្វើដំណើរទៅកាន់ស្រុកកំណើត តាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ដើម្បីជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះគឺជាថ្ងៃទី១ នៃការចាប់ផ្ដើមដំណើរការ សេវារថយន្តក្រុងសាធារណៈ ដែលរៀបចំឡើង ដោយសាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃសម្រាប់បងប្អូន ប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ»។
សម្ដេចតេជោ បន្ដថា ដើម្បីជួយសម្រួលបន្ទុក ចំណាយរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
សម្ដេចតេជោ បន្ថែមថា ម្យ៉ាងវិញទៀត សូមម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរឯកជនទាំងអស់ សូមរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

សម្ដេចតេជោ ក៏បានជូនពរប្រជាពលរដ្ឋគ្រប់រូបទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទៅស្រុកកំណើត និងការធ្វើដំណើរទៅទីតាំងកម្សាន្តនានា ក៏ដូចជាការជួបជុំក្នុងគ្រួសារ ជាពិសេសសូមយកចិត្តទុកដាក់ថែរក្សាការពារសុខភាពទាំងអស់គ្នា ពិសេសត្រូវប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំ រថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣នេះ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់ ក្នុងនោះរួមមាន៖ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុង ៥៥គ្រឿង។ ដោយឡែក ប្រជាពលរដ្ឋដែលធ្វើដំណើរទៅតាមបណ្ដាខេត្ត និងត្រលប់មករាជធានីភ្នំពេញវិញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ១២០គ្រឿង ដោយចេញដំណើរចាប់ពីម៉ោង ៥៖៣០នាទីព្រឹក៕

