ព័ត៌មានជាតិ

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់ពលរដ្ឋក្រីក្រ ជាអ្នករើសសំរាម ៣៨០គ្រួសារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ៣៨០គ្រួសារ ដែលប្រកបរបរជាអ្នករើសសំរាម នៅទីលានចាក់សំរាម ខណ្ឌដង្កោ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងអាចយកទៅធ្វើបុណ្យទាន តាមគន្លងព្រះពុទ្ធសាសនា។

ក្នុងឱកាសចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នករើសសំរាម ចំនួន៣៨០គ្រួសារ ក្នុងទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបររើសអេតចាយ នៅទីលានចាក់សំរាមដង្កោ ដែលបានប្រឹងប្រែងរើសអេតចាយ នៅទីលានចាក់សំរាម ដោយមិនបានប្រព្រឹត្តបទល្មើស ដែលខុសនឹងច្បាប់ បើទោះបីបងប្អូនមានការលំបាកបន្តិចក៏ដោយ។

លោក ឃួង ស្រេង បន្តថា បងប្អូនអ្នករើសអេតចាយ នៅទីលានចាក់សំរាម បានប្រកបការរកស៊ី ដោយសុច្ចរិតទៀងត្រង់ មិនប្រព្រឹត្តនូវបទល្មើស លួច ឆក់ ប្លន់ដែលជាបទល្មើសខុសច្បាប់ ដែលនេះពិតជាបានបង្ហាញឱ្យឃើញថា បងប្អូនជាប្រជាពលរដ្ឋល្អ រស់នៅក្នុងសង្គម​ ។

លោកក៏បានណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបររើសអេតចាយ ក្នុងករណីរកអ្វីមិនបានសម្រាប់បរិភោគ បងប្អូនអាចទៅសាខាកាកបាទក្រហមខណ្ឌដង្កោ ដើម្បីទទួលបានស្បៀងអាហារ សម្រាប់ដោះស្រាយក្នុងជីវភាព។

ក្នុងនោះ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការផ្តល់អំណោយមនុស្សធម៌ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនក្រីក្ររើសសំរាម នាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុក ដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រនាឱកាសរដូវបុណ្យទាននេះ  ដែលអាចឱ្យពួកគាត់មានថវិកា និងសម្ភារៈ សម្រាប់ធ្វើបុណ្យទានឬជូនអ្នកមានគុណ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងឱកាសនោះដែរ លោកក៏បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចជានិច្ចជាកាលតែងតែគិតគូ ដល់បងប្អូនមានជីវភាពខ្វះខាត ហើយតែងតែណែនាំដល់យើងខ្ញុំទាំងអស់គ្នា និងកៀគរសប្បុរសជនទាំងអស់ ឱ្យយល់ ឱ្យឃើញ និងធ្វើការចែករំលែកជាអំណោយ ថវិកា សម្ភារៈ និងស្បៀងអាហារ ជូនដល់បងប្អូនអ្នកក្រីក្រដែលនេះជាទឹកចិត្តមិនអាចខ្វះបាន របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រមុខកាកបាទក្រហមកម្ពុជាយើង »។

គួរបញ្ជាក់ថា អំណោយដែលបានប្រគល់ជូននេះ រួមមាន៖ អង្ករ៣០គីឡូក្រាម មី០១កេសតូច ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខកំប៉ុង០១ដុំ ទឹកសុទ្ធមួយកេសនិងថវិកាចំនួន៤០,០០០រៀល ក្នុងមួយគ្រួសារ ដើម្បីរួមចំណែក និងកាត់បន្ថយការចំណាយ ក្នុងជីវភាពគ្រួសារបានមួយចំណែក៕

To Top