ព័ត៌មានជាតិ

សម្ដេចតេជោ ជំរុញឱ្យពិនិត្យលទ្ធភាព ធ្វើពាណិជ្ជកម្មសេរី រវាង កម្ពុជា-ទីម័ខាងកើត

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក José Ramos Horta ប្រធានាធិបតី នៃសាធារណៈរដ្ឋទីម័ខាងកើត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមានការពិនិត្យលទ្ធភាព លើការធ្វើពាណិជ្ជកម្មសេរី រវាងកម្ពុជា និងទីម័ខាងកើត។

នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយ ដែលបានជួបលោកប្រធានាធិបតីនាពេលនេះ។ ក្នុងជំនួបនេះ សម្តេចតេជោ និងប្រធានាធិបតីទីម័រខាងកើត បានបង្ហាញនូវក្តីរីករាយ បានជួបគ្នាជាថ្មី។

សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតសម្តែងការអបអរសាទរ ចំពោះជោគជ័យ លើការបោះឆ្នោត របស់លោក រ៉ាម៉ូស ហ័រតា ផងដែរ។ បន្ទាប់ពីការស្វាគមន៍ ប្រកបដោយភាពស្និទ្ធស្នាលហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើង ពាក់ព័ន្ធការស្នើសុំចូល ជាសមាជិកអាស៊ាន របស់ប្រទេសទីម័រ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ១០ឆ្នាំមកនេះ ពោលចាប់តាំងពីកម្ពុជាធ្វើប្រធានអាស៊ាន នៅឆ្នាំ២០១២ សម្តេចបានខិតខំប្រឹងប្រែង ជំរុញឱ្យប្រទេសទីម័រ ក្លាយជាសមាជិកអាស៊ាន។ មកដល់ពេលនេះ សម្តេចតេជោ សង្ឃឹមថា នឹងមានការគាំទ្រប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ដែលអាចប្រកាសនៅចុងឆ្នាំ២០២២នេះ ហើយនឹងចូលជាសមាជិកពេញសិទ្ធិ នៅឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងដំណឹងនេះផងដែរ បានធ្វើឲ្យលោកប្រធានាធិបតីប្រទេសទីម័រខាងកើត និងគណៈប្រតិភូ សម្តែងនូវក្តីរំភើបយ៉ាងខ្លាំង ហើយសូមថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលឱ្យប្រទេសទីម័រខាងកើត ក្លាយជាសមាជិកអាស៊ាន នាពេលខាងមុខ។

លោក រ៉ាម៉ូស ហ័រតា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាម្ចាស់ របស់ប្រទេសទីម័រខាងកើតផងដែរ។

ក្រៅពីបញ្ហាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន និងលោក រ៉ាម៉ូស ហ័រតា ក៏បានជជែកពីការពង្រឹងពង្រីក លើការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

ប្រធានាធិបតីទីម័រខាងកើត បានបង្ហាញក្តីរំពឹងថា ទំនាក់ទំនង និងការធ្វើពាណិជ្ជកម្ម រវាងប្រទេសទីម័រខាងកើតនិងកម្ពុជា នឹងកាន់តែល្អប្រសើរថែមទៀត ពេលខាងមុខ។ លោកប្រធានាធិបតី បានគូសបញ្ជាក់ផងដែរថា លោកនឹងពិនិត្យលើការនាំចូលទំនិញ ពីកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

លោក បានបង្ហាញក្តីសង្ឃឹមដែរថា ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នៅសប្តាហ៍ទី៣ នៃខែតុលាខាងមុខ លោកនឹងខិតខំជំរុញការធ្វើពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗទៀតឱ្យកាន់តែល្អប្រសើរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ទីម័រខាងកើត កាន់តែមានភាពរីកចម្រើន ដោយសារតែការជឿជាក់លើគ្នាទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅមានកម្រិត តែកម្ពុជា និងទីម័រ នៅតែមានសង្ឃឹមក្នុងការពង្រីក។

ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយចិន និងកូរ៉េខាងត្បូង។ ក្នុងន័យនេះ សម្តេចតេជោចង់ឱ្យកម្ពុជា និងទីម័រខាងកើត ពិនិត្យលទ្ធភាព ធ្វើពាណិជ្ជកម្មសេរីជាមួយគ្នា ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក រ៉ាម៉ូស ហ័រតា បានជជែកពីការបើកជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរផងដែរ ដើម្បីបង្កភាពងាយស្រួល ដល់ការធ្វើទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពល្អប្រសើរ នាពេលខាងមុខ៕

To Top