ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់អង្ករ ៦ពាន់តោន ដល់គុយបា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់ជាអំណោយជូនដល់ប្រទេសគុយបា នូវអង្ករចំនួនអង្ករ ៦,០០០តោន។

នាឱកាសជួបពិភាក្សាការងារជាមួយលោក Esteban Lazo Hernandez ប្រធានសភាអំណាចប្រជាជនគុយបា នាថ្ងៃទី២៤ កញ្ញា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រយៈពេល៦២ ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងគុយបា មានលក្ខណៈស្ថេរភាព ជាពិសេសនយោបាយ ត្បិតតែមានការផ្លាស់ប្ដូរច្រើនមែន តែទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរមានស្ថេរភាព មិនតែប៉ុណ្ណោះយើងនៅបន្តដាក់ស្ថានទូតទៅវិញទៅមក ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កន្លងមកនេះ ប្រទេសគុយបាធ្លាប់បានជួយផ្តល់នូវការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើវិស័យកីឡា វិស័យអប់រំ ជាដើម ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ទៀតថា នៅពេលខាងមុខនេះ នឹងមានទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបាទៅកាន់ប្រទេសកម្ពុជា និងមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីគុយបាទៅកាន់ប្រទេសកម្ពុជាផងដែរ ។

សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា “ដំណើរទស្សនកិច្ចលើកនេះ ប្រទេសកម្ពុជា នឹងផ្ដល់ជាអំណោយជូនដល់ប្រទេសគុយបា នូវអង្ករចំនួនអង្ករ៦,០០០តោន”។

សម្ដេចតេជោ សង្ឃឹមថា តាមរយៈទំនាក់ទំនងសភានៃប្រទេសទាំងពីរ នឹងបន្តធ្វើការ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីគាំទ្រការងាររដ្ឋាភិបាលនៃប្រទេសទាំងពីរ ។

នាឱកាសនោះ លោក Esteban Lazo Hernandez លេីកឡេីងថា រយៈពេលជាង៦២ឆ្នាំ កន្លងមកនេះទំនាក់ទំនងរវាងកម្ពុជា និងគុយបាន គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមទាំងជាលក្ខណៈមិត្តភាព ជាពិសេស លោក មានភាពជឿជាក់ថា “យើងនឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយកន្លងមកនេះប្រទេសយើងទាំងពីរមានប្រវត្តិសាស្ត្រជានិមិត្តរូបនៃទំនាក់ទំនងទ្វេភាគីនេះ”៕

To Top