ភ្នំពេញ៖ ប្រតិកម្មតបទៅនឹងការប្រមូលផ្ដុំ ធ្វើបាតុកម្មប្រឆាំងវត្តមាន របស់សម្ដេចតេជោ ហ៊ុន សែន នៅលើទឹកដីសហរដ្ឋអាមេរិក ពីសំណាក់ក្រុមប្រឆាំងមួយក្ដាប់តូច លោក សយ សុភាព បានចាត់ទុកក្រុមទាំងនោះ គឺជា «កាកសំណល់នៃរបប ប៉ុល ពត»។
នៅលើគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សយ សុភាព បានលើកឡើងចោទជាសំនួរថា តើពួកអ្នកទាំងនេះ (ក្រុមបាតុករ នៅមុខUN) ខ្លាចអាមេរិកបញ្ជូន មកស្រុកកំណើតវិញ ឬមួយខ្លាចបាត់សញ្ជាតិជាអាមេរិក?
លោក ថា ពួកអ្នកទាំងនេះ ដើម្បីតែសញ្ជាតិនិងចង់បានស៊ីលុយរឺត្រែត ធ្វើអ្វីក៏ធ្វើដែរ។
លោក សយ សុភាព គួសបញ្ជាក់ថា “អ្នកត្រូវដឹងថាថ្ងៃ ដែលមានវត្តមានមេដឹកនាំ ប្រទេសកម្ពុជានៅអាមេរិកដឹកនាំ ដោយរដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងស្នាក់ការ អង្គការ សហប្រជាជាតិ មិនត្រឹមតែ អានសន្ទរកថា តែប៉ុណ្ណោះទេ តែបានប្រាប់ពិភពលោកថា អតីតមេដឹកនាំប្រល័យពូជសាសន៏ខ្មែរក្រហម ខៀវ សំផន ត្រូវបាន តុលាការកូនកាត់ខ្មែរ- អង្គការសហប្រជាជាតិ ប្រកាសសាលក្រមឧទ្ធរណ៏ ផ្តន្ទាទោស អស់មួយជីវិតថែមទៀតផងចំពោះ អំពើប្រល័យពូជសាសន៏ ១៦មេសា ១៩៧៥- ៦មករា ១៩៧៩”។
លោកបន្ថែមថា នេះបង្ហាញឱ្យឃើញថាអ្នកកាន់អំណាច នៅភ្នំពេញបានបំពេញភារកិច្ច ជូនប្រទេសនិងប្រជាជនសម្រេចទាំងស្រុង «រំដោះប្រទេសចេញពីក្រុមតិរិច្ឆាន ទមិឡ ប៉ុល ពត នួន ជា អៀងសារី ខៀវ សំផន ២ ធ្នូ ១៩៩៨(បង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា) ស្វែងរកសន្តិភាព ២៩ ធ្នូ ១៩៩៨ និងកសាងប្រទេសរហូតមកដល់បច្ចុប្បន្ន»។
ងាកមកកាន់ក្រុមប្រឆាំងមួយក្ដាប់តូច នៅក្រៅប្រទេសនេះ លោក សយ សុភាព បានលើកឡើងថា “ពួកអ្នកប្រហែល ជាកាកសំណល់នៃរបបតិរិច្ឆាននេះ រត់ចេញពីប្រទេសកាលពីជាងឆ្នាំ៤០ឆ្នាំមុននេះ ហើយបានជាភ័យស្លន់ស្លោរ ធ្វើជាមកបាតុកម្មបង្រ្គប់កិច្ច ចាញ់ឃោសនាគេ ខ្លាចត្រូវបានបញ្ជូនមកស្រុកខ្មែរវិញ”។
ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព បានផ្ដាំទៅក្រុមទាំងនោះថា “ឱអ្នកចាញ់បោកគេនោះអើយ កុំខ្លាចបាត់សញ្ជាតិ ហើយបែរមកខាំជាតិឯងតទៅទៀត បើមិនបានជួយទេ កុំមកឈរជេរទុកពេលដើរលំហែទៅ”៕