ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចាត់ទុកការសិក្សាស្រាវជ្រាវ លើវិស័យកសិកម្ម គឺជាចំណែកមួយ សម្រាប់ធានាដល់សន្តិសុខស្បៀង រវាងកម្ពុជា និងគុយបា។

ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រធានាធិបតីគុយបា បានជជែកគ្នាពីការរៀបចំឱ្យមានទស្សនកិច្ច របស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្ម ដើម្បីសិក្សាស្រាវជ្រាវផ្នែកកសិកម្ម នៅក្នុងប្រទេសកម្ពុជា ជាពិសេសលើដំណាំស្រូវ។
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជារ៉ាប់រងរាល់ការចំណាយ លើការសិក្សាស្រាវជ្រាវនេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានចាត់ទុកថា “ការសិក្សាស្រាវជ្រាវលើវិស័យកសិកម្ម គឺជាចំណែកមួយសម្រាប់ធានា ដល់សន្តិសុខស្បៀងរវាងកម្ពុជា និងប្រទេសគុយបា”។

ឆ្លៀតឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសផ្តល់អង្ករ ៦ពាន់តោនដល់រដ្ឋាភិបាល និងប្រជាជនគុយបា។ សម្ដេច បានឱ្យដឹងថា អង្ករ ៦ពាន់តោននេះ មាន ៣ពាន់តោន ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយ ៣ពាន់តោនទៀតជាជំនួយរបស់វិស័យឯកជន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អង្ករ៦ពាន់តោននេះ នឹងដឹកចេញពីកម្ពុជា នៅខែតុលា ហើយដឹកដល់ប្រទេសគុយបានៅក្នុងខែធ្នូ។
លោក ប្រធានាធិបតីគុយបា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ប្រជាជន និងវិស័យឯកជនរបស់កម្ពុជាសម្រាប់ការផ្តល់ជំនួយជាអង្ករនេះ៕

