ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ មិនភ្លេចនោះឡើយ នូវអ្វីដែលគុយបា ជួយដល់ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញ ពីរបបប្រល័យពូជសាសន៍ប៉ុលពត។
នាឱកាសអញ្ជើញជួបសម្ដែងការគួរសម ជាមួយលោក រ៉ាអ៊ួល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ត្រូវជាប្អូនប្រុសបង្កើតរបស់ លោក ហ្វីដែល កាស្រ្តូ ដល់លំនៅដ្ឋានផ្ទាល់របស់លោក ក្នុងរដ្ឋធានីហាវ៉ាណា នាថ្ងៃទី២៤ កញ្ញា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ប្រជាពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយ នូវអ្វីដែលប្រទេសគុយបាបានជួយ ដល់ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាក ក្រោយរំដោះចេញពី របបប្រល័យពូជសាសន៍ប៉ុលពត”។
សម្តេចតេជោ បានបញ្ជាក់ថា នៅពេលនោះប្រទេសគុយបា បានជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងក្រុមចក្រពត្តិនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
សម្តេចតេជោ បានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ប្រទេសគុយបានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជា មានស្ករគុយបា មានមជ្ឈមណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ។
សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ជំនួយគុយបានៅពេលនោះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្តីស្លាប់ នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ ការរស់រៀនមានជីវិត។ ដូច្នេះជំនួយពីប្រទេសគុយបា គឺចាំបាច់បំផុត។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា អ្វីដែលកាន់តែពិសេសទៀតនោះ ប្រទេសគុយបានជួយបណ្តុះបណ្តាល ធនធានមនុស្ស ដែលធនធានមនុស្ស គឺជារឿងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា នាពេលនោះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងកម្ពុជា និងគុយបា ជាពិសេសទំនាក់ទំនងនយោបាយ នៅតែខ្លាំងទោះបីមានបញ្ហាប្រឈមបញ្ហានានា យ៉ាងណាក៏ដោយ។
លោក រ៉ាអ៊ួល កាស្រ្តូ សូមថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភអង្ករចំនួន ៦ពាន់តោន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា៕