ភ្នំពេញ៖ ជនជាតិវៀតណាម ត្រូវចោទចំនួន៤នាក់ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានី ធ្វើការឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារម១ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងចាបឃុំឃាំងខ្លួនបុរសវៀតណាមម្នាក់ ដែលជំពាក់លុយពួកគេ និងចាញ់ល្បែងកាស៊ីណូ និងចាប់បង្ខាំងខ្លួន ធ្វើទារុណកម្ម និងជំរិតទារប្រាក់ ចំនួន១០០០០ដុល្លារអាមេរិក ពីក្រុមគ្រួសាររបស់ជនរងគ្រោះ ជាថ្នូរនឹងការដោះលែង។
យោងតាមដីកាតុលាការ បានឱ្យដឹងថា ជនត្រូវចោទទាំង៤នាក់នេះ មានឈ្មោះ ៖១-ឈ្មោះ VO HONG QUAN ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅមិនពិតប្រាកដ ។ ២-ឈ្មោះTRAN TINH HUY ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅមិនពិតប្រាកដ។ ៣-ឈ្មោះ NGUYEN VAN VO ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ស្នាក់នៅមិនពិតប្រាកដ។ និង៤-ឈ្មោះ LUONG VON THIET ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ HUYNH VAN PHONG ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិវៀតណាមដូចគ្នា មុខរបរជាកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអាងឌៀង ឃុំឡុងដៀងតាយ ស្រុកដុងហាយ ខេត្តបាក់លាវ ប្រទេសវៀតណាម ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ HUYNH VAN PHONG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាកម្មករ (តែជាមនុស្សញៀននឹងល្បែងកាស៊ីណូ) ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអាងឌៀង ឃុំឡុងដៀងតាយ ស្រុកដុងហាយ ខេត្តបាក់លាវ ប្រទេសវៀតណាម ។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ការចាប់ឃុំឃាំងមនុស្ស និង បង្ឃាំងធ្វើទារុណកម្មដោយខុសច្បាប់មានស្ថានទម្ងន់ទោស និងត្រូវបានចាប់ឃាត់ខ្លួនកាលពី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕ ដោយ: លីហ្សា